ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាណែនាំគន្លឹះការពារខ្លួនពីការឆបោកតាមអនឡាញ

KPS99TV

សេចក្តីសង្ខេប

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយការងារប្រាក់ខែខ្ពស់ហួសការពិត ការស្នើព័ត៌មានផ្ទាល់ខ្លួន និងការតម្រូវឱ្យបង់ប្រាក់មុនចូលធ្វើការ។

ក្រោយសង្កេតឃើញថា ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កំពុងប្រើប្រាស់វិធីសាស្ត្រកាន់តែស្មុគស្មាញ ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យធ្លាក់ចូលក្នុងអន្ទាក់តាមបណ្ដាញសង្គម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំអំពីគន្លឹះសំខាន់ៗ ដើម្បីជួយប្រជាពលរដ្ឋការពារខ្លួនពីការឆបោកទាំងនេះ។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រុមជនល្មើសតែងប្រើប្រាស់ល្បិចលួងលោមជាច្រើន ដូចជាការផ្សព្វផ្សាយការងារងាយស្រួល ប្រាក់ចំណូលខ្ពស់ហួសពីការពិត ឬការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីបោកបញ្ឆោត ឬបង្ខាំងជនរងគ្រោះឱ្យប្រព្រឹត្តសកម្មភាពខុសច្បាប់។

ដើម្បីចៀសវាងការធ្លាក់ជាជនរងគ្រោះ នាយកដ្ឋានបានណែនាំពីគន្លឹះការពារខ្លួនមួយចំនួនដូចជា៖ កុំជឿលើការផ្សព្វផ្សាយការងារអនឡាញដែលសន្យាផ្តល់ប្រាក់ចំណូលខ្ពស់ខុសពីការពិត ប៉ុន្តែមិនមានព័ត៌មាន ឬលក្ខខណ្ឌការងារច្បាស់លាស់ កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដូចជា អត្តសញ្ញាណបណ្ណ លេខគណនីធនាគារ ឬទិន្នន័យសម្ងាត់ ទៅឱ្យបុគ្គលដែលមិនស្គាល់អត្តសញ្ញាណ ត្រូវស្រាវជ្រាវ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ពិនិត្យអាជ្ញាបណ្ណ និងអត្តសញ្ញាណរបស់ក្រុមហ៊ុនឱ្យបានច្បាស់ មុនសម្រេចចិត្តចុះឈ្មោះ ឬដាក់ពាក្យធ្វើការ និងត្រូវប្រុងប្រយ័ត្នចំពោះសញ្ញាព្រមាន ដូចជាការតម្រូវឱ្យបង់ប្រាក់កក់ ឬថ្លៃសេវាផ្សេងៗ មុនពេលចូលបម្រើការងារ ព្រោះនេះជាល្បិចដែលក្រុមឆបោកនិយមប្រើប្រាស់។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចែករំលែកគន្លឹះការពារខ្លួនទាំងនេះទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងសហគមន៍ ដើម្បីរួមគ្នាទប់ស្កាត់ និងកាត់បន្ថយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…