ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ចិនប្តេជ្ញាពង្រឹងមិត្តភាពដែកថែបនិងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគ្នាឱ្យរឹងមាំបន្ថែម

KPS99TV

សេចក្តីសង្ខេប

កម្ពុជានិងចិនបានបញ្ជាក់ការប្ដេជ្ញាពង្រឹងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមគ្រប់រដូវកាល។ ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសចិន។

ក្នុងជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន កម្ពុជានិងចិន បានប្តេជ្ញារួមគ្នាពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងប្តេជ្ញាបន្តអនុវត្តជាក់ស្តែងលើការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ការថ្លែងបញ្ជាក់ដោយឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានគូសបញ្ជាក់ថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ចិនបានចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថា ជាអទិភាពនៃការទូតរបស់ចិន។ ចំណែក កម្ពុជា ប្តេជ្ញាប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនតែមួយ។

ជាងនេះទៅទៀត ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានរំលេចបន្ថែមថា កម្ពុជា-ចិន ប្តេជ្ញាបន្តធ្វើកិច្ចការមួយចំនួនជាមួយគ្នានៅគ្រប់កម្រិត ជាពិសេសនៅក្របខណ្ឌរដ្ឋាភិបាល ដើម្បីពង្រឹងជំនឿទុកចិត្តនយោបាយឱ្យកាន់តែរឹងមាំថែមទៀត។ មិនតែប៉ុណ្ណោះ កម្ពុជា-ចិនបានប្រកាសរួមគ្នាដំឡើងកម្រិតនៃកិច្ចសន្ទនាយុទ្ធសាស្រ្ត ២+២ ពោលគឺរវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ទៅជាកិច្ចសន្ទនាយុទ្ធសាស្រ្ត ៣+៣ ដោយបន្ថែមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវីធី 2026 World Al Conference and High-Level Meeting on Global Al Governance រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ សម្តេចធិបតីបានជួបជាមួយថ្នាក់ដឹកនាំកំពូលចិន និងតំណាងក្រុមហ៊ុនធំៗរបស់ចិនជាច្រើន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…