ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវរដូវវស្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងឃុំរូងជ្រៃ ស្រុកថ្មគោល ដើម្បីវាយតម្លៃស្ថានភាពការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ព្រមទាំងបន្តចុះពិនិត្យស្ថានភាពទឹកបច្ចុប្បន្ននៅអាងភាស ស្ថិតក្នុងឃុំតាពូង ដោយផ្តោតលើការគ្រប់គ្រង និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះផលប៉ះពាល់ដែលអាចកើតមានលើដំណាំស្រូវរបស់ប្រជាកសិករ។
កិច្ចប្រជុំ និងការចុះពិនិត្យនេះ មានការចូលរួមពីលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាវាយតម្លៃស្ថានភាព និងសម្របសម្រួលដាក់ចេញនូវវិធានការគ្រប់គ្រងធនធានទឹក និងការគាំទ្រប្រជាកសិករ ឱ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយផលប៉ះពាល់លើការផលិតស្រូវរដូវវស្សា៕
ដោយ៖ ប៉ៃ សុឃីម














