ព្រះសីហនុគឺជាខេត្តមួយដែលមានអំណោយផល និងសក្តានុពលសម្រាប់អ្នកទេសចរនិងអ្នកវិនិយោគមកពីគ្រប់ទិសទី។ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសហគ្រាសខ្នាតតូច និងមធ្យមខេត្តជឺជាំង ប្រទេសចិន ដឹកនាំដោយលោក ហ័ង ឈឹង អាន (Huang Cheng An) ប្រធានសមាគម នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានបញ្ជាក់ប្រាប់វិនិយោគិនចិនពីមូលហេតុដែលគួរជ្រើសរើសយកខេត្តព្រះសីហនុជាទីតាំងសម្រាប់វិនិយោគផ្សេងៗ។ នោះដោយសារខេត្តព្រះសីហនុមានសក្តានុពលលើវិស័យដឹកជញ្ជូន និងទេសចរណ៍។
ឯកឧត្តម ម៉ាង ស៊ីណេត បានពន្យល់ថា ផ្លូវទឹក ខេត្តព្រះសីហនុមានកំពង់ផែធំៗចំនួន៣ ខណៈបច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ចំនួន៣ដំណាក់កាលដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលមានជម្រៅទឹករហូតដល់ជាង១៧ម៉ែត្រដោយអាចឱ្យនាវានៅជុំវិញពិភពលោកអាចចូលចតបាន។ ចំណែក ផ្លូវគោកតភ្ជាប់ទៅកាន់រាជធានីខេត្តផ្សេងៗ មានដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។ ខេត្តព្រះសីហនុ ក៏មានអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយផងដែរ។ រីឯ ការផលិតទឹកស្អាត និងថាមពលអគ្គិសនី ខេត្តព្រះសីហនុក៏មិនខ្វះនោះដែរសម្រាប់អ្នកវិនិយោគិន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ខណៈរាជរដ្ឋាភិបាលកំពុងជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានបែងចែកជា ៤ផ្នែកធំៗរួមមាន៖ ១. ផ្នែកឧស្សាហកម្មនិងភស្តុភារកម្ម, ២. ទីក្រុងសមាហរណកម្ម, ៣. តំបន់ទេសចរណ៍បែបធម្មជាតិ និង៤. បង្កើតតំបន់វារីវប្បកម្ម និងកសិកម្ម។ ក្រៅពីនេះ នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគសម្រាប់ខេត្តព្រះសីហនុ ក្នុងនោះមានការលើកលែងផ្នែកពន្ធ និងការលើកលែងផ្នែករដ្ឋបាលទៀតផង។
ជាការឆ្លើយតប លោក ហ័ង ឈឹង អាន ប្រធានសមាគមសហគ្រាសខ្នាតតូច និងមធ្យមខេត្តជឺជាំង បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗ ដោយលោកបញ្ជាក់ថា ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើវិស័យឧស្សាហកម្ម និងទេសចរណ៍។ លោកបានបង្ហើបប្រាប់ឯកឧត្តម ម៉ាង ស៊ីណេតថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានបំណងចង់ស្វែងរកឱកាសក្នុងការបោះទុនវិនិយោគផ្សេងៗនៅប្រទេសកម្ពុជា។
លោកប្រធានសមាគម បានអញ្ជើញឯកឧត្តម ម៉ាង ស៊ីណេត ទៅបំពេញទស្សនកិច្ចនៅសមាគមសហគ្រាសខ្នាតតូច និងមធ្យមខេត្តជឺជាំង ប្រទេសចិន។ ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្ត បានយល់ព្រមទទួលយកនូវការអញ្ជើញនេះដោយឯកឧត្តមបញ្ជាក់ថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តជឺជាំង ប្រទេសចិនក្នុងពេលវេលាសមស្របណាមួយ។
ក្រៅពីនេះ គណៈប្រតិភូសមាគម បានបង្ហាញពីគោលបំណងចង់បោះទុនវិនិយោគនៅខេត្តព្រះសីហនុ លើវិស័យផលិតថាមពលពន្លឺព្រះអាទិត្យ ដោយបញ្ជាក់ពីចំណាប់អារម្មណ៍ចង់បង្កើតរោងចក្រដុតសំរាម ដើម្បីបម្លែងទៅជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់។ ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត បានប្រកាសស្វាគមន៍និងអនុញ្ញាតឱ្យចុះសិក្សាទីតាំងដែលមានអំណោយផល ដើម្បីបង្កើតរោងចក្រនោះដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា



























