(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម នៅទីស្ដីការក្រសួង។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក ឯកអគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុព័ន្ធ និងតំណាងពាណិជ្ជកម្មនៅបរទេស។
សូមជម្រាបថា កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ របស់បណ្ដានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន គោលនយោបាយ និងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពង្រឹងសមត្ថភាពរបស់អគ្គនាយកដ្ឋាន កែលម្អយន្តការគ្រប់គ្រង ឆ្លើយតបទៅនឹងនិន្នាការពាណិជ្ជកម្មក្នុងតំបន់និងសកល និងពង្រឹងប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព និងទាន់ពេលវេលា៕
ដោយ៖ ធី លីថូ









