ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពន្ធដាក្រើនរំលឹកម្ចាស់អចលនទ្រព្យមកចុះបញ្ជីនិងរួសរាន់បង់ពន្ធឱ្យបានទាន់ពេលកំណត់

KPS99TV

សេចក្តីសង្ខេប

អគ្គនាយកដ្ឋានពន្ធដាររំលឹកម្ចាស់អចលនទ្រព្យឱ្យចុះបញ្ជី ឬកែតម្រូវព័ត៌មាន និងបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឆ្នាំ២០២៦ ត្រឹមថ្ងៃទី៣០ ខែកញ្ញា។ សេចក្តីជូនដំណឹងថ្ងៃទី១៧ ខែកក្កដា ក៏រំលឹកពីពន្ធបន្ថែមនិងការប្រាក់ចំពោះការយឺតយ៉ាវផងដែរ។

ការបង់ពន្ធលើអចលនទ្រព្យនិងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៦ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ ជុំវិញនឹងបញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់មកបំពេញកាតព្វកិច្ចចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យឱ្យបានត្រឹមត្រូវ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់អចលនទ្រព្យទូទាំងប្រទេស និងរួសរាន់បង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាកំណត់។

ការក្រើនរំលឹកបែបនេះ បើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៧ ខែកក្កដា បានបញ្ជាក់ថា ដោយសារអគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅពុំទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងពីរនេះនៅឡើយ។ ចំណែក ម្ចាស់អចលនទ្រព្យមួយចំនួននៅពុំទាន់បានស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យពេញលេញក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានដារនៅឡើយដែររហូតដល់ពេលនេះ។ ទន្ទឹមនឹងនេះ ក៏មានម្ចាស់អចលនទ្រព្យមួយចំនួនបានពិនិត្យឃើញថា ព័ត៌មានរបស់ខ្លួន ឬព័ត៌មានអចលនទ្រព្យពុំត្រឹមត្រូវ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងស្តីពី ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ដល់លំនៅឋានម្ចាស់អចលនទ្រព្យ។

ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លី មិនបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យទាំងអស់មកបំពេញកាតព្វកិច្ចចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យឱ្យបានត្រឹមត្រូវ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់អចលនទ្រព្យទូទាំង ប្រទេស និងរួសរាន់បង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ នៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬបង់ពន្ធតាមអនឡាញតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store សម្រាប់អចលនទ្រព្យដែល ធ្លាប់បានប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក។

បើតាមអគ្គនាយកដ្ឋានពន្ធដា ចំពោះការបង់ពន្ធយឺត ឬការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…