មន្ត្រីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីជួយសង្គ្រោះ និងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួន ក្រោយហេតុការណ៍លិចទូកនេសាទនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា ទូកនេសាទខាងលើបានចាកចេញទៅនេសាទកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែបានបាត់ការទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
លោកបានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះចំនួន៣នាក់ ក្នុងចំណោមមនុស្ស៥នាក់ដែលស្ថិតនៅលើទូកនេសាទនោះ រួមមានពលរដ្ឋខ្មែរ២នាក់ និងជនជាតិថៃ១នាក់។
ក្នុងចំណោមសពពលរដ្ឋខ្មែរទាំង២នាក់ សពម្នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ខណៈសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យ ដើម្បីរង់ចាំសាច់ញាតិមកទទួល។
លោក ស៊ុន មេសា បានបន្ថែមថា មន្ត្រីកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដាន និងស្វែងរកពលករខ្មែរចំនួន២នាក់ទៀត ដែលគេជឿជាក់ថាបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ។
អ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា ការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនៃប្រទេសសាមី ដើម្បីជួយដោះស្រាយបញ្ហានានាដែលកើតមាន៕
ដោយ៖ ប៉ៃ សុឃីម










