(ព្រះសីហនុ)៖ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្នបទល្មើសOnline Scams សំបុកធំៗបានបំបែកអស់ហើយ តែបទល្មើសមួយនេះបែរជារីកឡើងបោះទីតាំងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋទៅវិញ ដោយមានគ្នា១ទៅ២នាក់ក៏អាចប្រព្រឹត្តបទល្មើសបាន ចាំបាច់ត្រូវតែបង្រ្កាបឱ្យអស់ កុំឱ្យប្រជាពលរដ្ឋធ្លាក់ជាជនរងគ្រោះក្នុងករណីនេះ។
ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅការឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ូ សាគុណ បានគូសបញ្ជាក់ថា«ឥលូវនេះបទល្មើស Online Scams សំបុកធំៗបានបំបែកអស់ហើយ តែOnline Scams មាននៅក្នុងផ្ទះប្រជាពលរដ្ឋទៅវិញ មានគ្នា១ទៅ២នាក់ តែនៅតែធ្វើ Online Scamsបាន»។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំក្រើនរំលឹកដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យប្រើយុទ្ធការការពារ ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋក្លាយជាជនរងគ្រោះក្នុងករណី Online Scamsនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព ស្តីពីការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានរៀបចំ សេចក្តីសម្រេចបង្កើតគណៈកម្មការ ដឹកនាំការបង្ក្រាប ដែលមានក្រុមការងារប្រតិបត្តិការចំនួន២ក្រុម និងលេខាធិការដ្ឋានចំនួន១។ ក្រុមការងារនីមួយៗដឹកនាំដោយអភិបាលរងខេត្ត១រូប និងមានការសម្រប សម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ជាលទ្ធផលគិតចាប់ពីខែមករាដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះបានត្រួតពិនិត្យទីតាំងសរុបចំនួន ១៥៧៦ទីតាំង ក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១២៤ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេស ស្នាក់នៅមិនស្របច្បាប់ចំនួន៥៣ទីតាំង និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤ ៤០៦នាក់ (ជនជាតិខ្មែរ ១៨៤នាក់ និង ជនបរទេស ៤ ២២២នាក់ មាន២៧សញ្ជាតិ) ក្នុងនោះអ្នកពាក់ ព័ន្ធបទល្មើសចំនួន ៤៦០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ និងជនបរទេសចំនួន ២៩០២នាក់ បាននិងកំពុងបន្តនីតិវិធីបណ្ដេញចេញពីកម្ពុជា៕
ដោយ៖ធី លីថូ
រូបភាព៖ កែវ ដារ៉ា



























