សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការត្រៀមខ្លួនបានល្អរបស់លោកគ្រូ អ្នកគ្រូ គឺជាកត្តាសំខាន់ដែលនាំទៅរកជោគជ័យរបស់សិស្ស។ គ្រូដែលខិតខំស្រាវជ្រាវ បង្កើនចំណេះដឹង និងរៀបចំមេរៀនបានល្អ នឹងអាចផ្តល់ការបង្រៀនប្រកបដោយគុណភាព ខណៈឧបករណ៍ និងសម្ភារៈសិក្សា គ្រាន់តែជាមធ្យោបាយជំនួយប៉ុណ្ណោះ។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង ១,៥០០នាក់ នៃសាកលវិទ្យាល័យ South-East Asia នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
សម្ដេចធិបតីបានបញ្ជាក់ថា ភាពជោគជ័យរបស់និស្សិត មិនមែនកើតចេញពីការខិតខំរបស់សិស្សតែម្នាក់ឯងនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចសហការរវាងមាតាបិតា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលា និងភាគីពាក់ព័ន្ធទាំងអស់។ ការទទួលសញ្ញាបត្រនាពេលនេះ ក៏ជាការឆ្លុះបញ្ចាំងពីការរីកចម្រើននៃធនធានមនុស្សកម្ពុជា ដែលមានគុណវុឌ្ឍិ និងសមត្ថភាពកាន់តែខ្ពស់។
ក្នុងឱកាសនោះ សម្ដេចធិបតីបានកោតសរសើរសាកលវិទ្យាល័យ South-East Asia ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាប លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ធុរកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្បាប់ កសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជាង ៣៤០កន្លែង ជូនគណៈកម្មាធិការអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំសិក្សា ២០១២-២០១៣ មក ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ២៧នាក់ បានទទួលសញ្ញាបត្រនៅឆ្នាំនេះ។
ជាមួយគ្នានេះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តគោលនយោបាយ និងកម្មវិធីកែទម្រង់វិស័យអប់រំជាបន្តបន្ទាប់ ធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជនមានការរីកចម្រើន ហើយគុណភាពនៃការបណ្តុះបណ្តាលក៏កាន់តែប្រសើរឡើង។ ជាក់ស្តែង និស្សិតកម្ពុជាបានចូលរួម និងទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ទាំងក្នុងតំបន់ និងអន្តរជាតិ។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក មនុស្សជាធនធានដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស ដោយបន្តជំរុញការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាព សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ៕
ដោយ៖ ប៉ៃ សុឃីម









