ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ហ្វីលីពីន ជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារហ្វីលីពីន កាន់តែច្រើន!

KPS99TV

សេចក្តីសង្ខេប

រដ្ឋមន្ត្រីកសិកម្មកម្ពុជា និងហ្វីលីពីន បានរួមរៀបចំវេទិការដ្ឋាភិបាលនិងវិស័យឯកជន ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានក្រុមហ៊ុនប្រមាណ៣៣ពិភាក្សាអំពីអង្ករ ស្វាយចន្ទី ផលិតផលបសុសត្វ និងកិច្ចសហការផ្គត់ផ្គង់ជីកសិកម្ម។

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានសហការគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។

ក្នុងវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ ក្រុមហ៊ុន ដើម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជា ទៅកាន់ហ្វីលីពីនព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្មដើម្បីធានានិរន្តរភាពធាតុចូលកសិកម្មនៃប្រទេសទាំងពីរផងដែរ។

នេះជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន លើការបើកទីផ្សារអង្ករកម្ពុជា និងកសិផលសក្តានុពល ដែលនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាកសិករកម្ពុជា៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…