ឥទ្ធិពលនៃបាតុភូត El Niño អាចបង្កឱ្យខេត្តរតនគិរី ដែលស្ថិតនៅភូមិភាគឦសាន នឹងប្រឈមនឹងស្ថានភាពខ្វះទឹក និងគ្រោះរាំងស្ងួតក្នុងកម្រិតស្រាលទៅមធ្យម ដោយសារអាកាសធាតុក្តៅខ្លាំង។ នេះបើយោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមបច្ចុប្បន្នរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី។
មន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តន៍នៃបាតុភូត El Niño បានធ្វើឱ្យខ្យល់មូសុងនិរតីចុះខ្សោយ បណ្តាលឱ្យបរិមាណទឹកភ្លៀងនៅក្នុងខេត្តរតនគិរីថយចុះ និងស្ថិតក្រោមកម្រិតមធ្យមប្រចាំឆ្នាំ។ ស្ថានភាពនេះអាចនាំឱ្យខេត្តប្រឈមនឹងការខ្វះទឹក និងគ្រោះរាំងស្ងួតក្នុងកម្រិតស្រាលទៅមធ្យម។
ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យត្រៀមផែនការគ្រប់គ្រង និងបែងចែកធនធានទឹកឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ប្រជាកសិករគួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជ្រើសរើសពូជដំណាំដែលត្រូវការទឹកតិច ឬពន្យារពេលដាំដុះនៅតំបន់ដែលមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។
សម្រាប់សាធារណជនទូទៅ គួរប្រើប្រាស់ទឹកប្រចាំថ្ងៃដោយសន្សំសំចៃ និងតាមដានសេចក្តីជូនដំណឹងជាបន្តបន្ទាប់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី។ មន្ទីរបានបញ្ជាក់ថា នឹងបន្តតាមដានស្ថានភាពអាកាសធាតុយ៉ាងជាប់លាប់ និងធ្វើបច្ចុប្បន្នភាពព័ត៌មានជូនសាធារណជន ប្រសិនបើមានការប្រែប្រួលគួរឱ្យកត់សម្គាល់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់រក្សាទុកទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សា ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងនៃសីតុណ្ហភាពនៅរដូវប្រាំង ឆ្នាំ២០២៧ ដែលអាចអូសបន្លាយយូរជាងធម្មតា ដោយសារឥទ្ធិពលបាតុភូត El Niño។
ជាមួយគ្នានេះ អង្គការសហប្រជាជាតិ (UN) ក៏បានព្រមានថា ពិភពលោកគួរត្រៀមខ្លួនសម្រាប់ការវិលត្រឡប់នៃបាតុភូត El Niño ដែលអាចបង្កឱ្យមានអាកាសធាតុខ្លាំងបំផុត រួមមានទាំងភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ៕
ដោយ៖ ង៉ែត ពិសាន្ត








