ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិនៃប្រទេសទាំងពីរ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងអគ្គលេខាធិការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជួបឯកអគ្គរដ្ឋទូតវៀតណាម Nguyen Minh Vu នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខលម្ហសមុទ្រ និងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។

នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាស រីករាយ ស្និទ្ធស្នាល និងមិត្តភាព ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសន្តិសុខលម្ហសមុទ្រ កិច្ចសហការរវាងកងទ័ពជើងទឹក និងគណៈកម្មាធិការជាតិសន្តិសុខលម្អ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ របស់វៀតណាម ក្នុងការរក្សាបាននូវ សុខសន្តិភាព ស្ថេរភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅលើតំបន់ទឹកប្រវត្តិសាស្ត្រ និងនៅតាមដែនសមុទ្រនៃប្រទេសទាំងពីរ។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងវៀតណាម ដែលបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ ជាការឆ្លើយតប ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ពីការបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លែផ្កាបន្ថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…