គណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ (កសស) បានអញ្ជើញបំពេញទស្សនកិច្ចនៅ តំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា (Southern California Foreign Trade Zone - FTZ) ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ និងយន្តការប្រតិបត្តិការរបស់តំបន់ពាណិជ្ជកម្មសេរីដ៏ទំនើបមួយរបស់សហរដ្ឋអាមេរិក។
អមដំណើរដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្ត្រីត្រួតពិនិត្យរដ្ឋ និងថ្នាក់ដឹកនាំ កសស។ គណៈប្រតិភូក៏មានការអមដំណើរដោយ ឯកឧត្តម ហ៊ួត គីមឆា កុងស៊ុលកិត្តិយស និងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងឡុងបិច រដ្ឋកាលីហ្វ័រនីញ៉ា។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សាស្វែងយល់អំពីប្រព័ន្ធប្រតិបត្តិការនៃតំបន់ពាណិជ្ជកម្មសេរី (FTZ) រួមមាន គោលនយោបាយអត្ថប្រយោជន៍ពន្ធគយ ប្រតិបត្តិការលើកដាក់ទំនិញ ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ សេវាភស្តុភារកម្មបន្ថែមតម្លៃ (Value-added Logistics) និងការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងច្រកពាណិជ្ជកម្ម។
បទពិសោធន៍ដែលទទួលបានពីដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថានឹងរួមចំណែកជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម ការដឹកជញ្ជូន និងពាណិជ្ជកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកួតប្រជែង និងស្របតាមនិន្នាការសេដ្ឋកិច្ចសកល៕
ដោយ៖ ប៉ៃ សុឃីម

















