(ភ្នំពេញ)៖ កម្ពុជា-FBI បានសម្ដែងនូវការបេ្ដជ្ញាចិត្ត បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតរវាងប្រទេសទាំង២ ឱ្យកាន់តែមានភាពស្និទស្នាល ខណៈ FBIបញ្ជាក់ថា ទំនាក់ទំនងអាម៉េរិក-កម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ នេះបើយោងតាមជំនួប រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ ឯកឧត្តម Kash Patel បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងប្រតិបត្តិការរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមនាយក FBI បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ។ ក្នុងន័យនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា គន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ បន្ថែមលើនេះ, ឯកឧត្តមបានបញ្ជាក់ «ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការគាំទ្រ និងធ្វើការជាដៃគូ ជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត»។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ, ការពារជាតិ និងសន្តិសុខ ជាដើម។ សម្តេចធិបតីបានបញ្ជាក់ថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងវិស័យសន្តិសុខ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់ និងសកលលោកនេះ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា នាពេលកន្លងមក។
ជាងនេះទៀត ភាគីទាំង២កម្ពុជា-FBI ក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅការងារបន្ត សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សំដៅប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តផ្លាស់ប្តូរព័ត៌មាន និងកសាងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់៕
ដោយ៖ ធី លីថូ
FBI៖ ទំនាក់ទំនងអាម៉េរិក-កម្ពុជា នឹងបន្តរីកចម្រើនថែមទៀត ខណៈភាគីទាំង២ ប្ដេជ្ញាបង្រា្កបឧក្រិដ្ឋកម្មឆ្លងដែន ,គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
KPS99TV
សេចក្តីសង្ខេប
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបនាយក FBI លោក Kash Patel នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយភាគីទាំងពីរប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។






