កម្ពុជាបានសម្រេចជោគជ័យដ៏សំខាន់មួយក្នុងវិស័យកសិកម្ម និងការនាំចេញ ខណៈផលិតផល សំបុកត្រចៀកកាំកម្ពុជា ទទួលបានការអនុញ្ញាតជាផ្លូវការឱ្យនាំចេញទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិនជាលើកដំបូង។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តជាផ្លូវការឱ្យក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd. មានសិទ្ធិនាំចេញផលិតផលសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន។
ការអនុញ្ញាតនេះ គឺជាជំហានប្រវត្តិសាស្ត្រមួយសម្រាប់វិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជា និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គរដ្ឋបាលគយចិន (GACC) វិស័យឯកជន ព្រមទាំងបងប្អូនអាជីវករ និងអ្នកចិញ្ចឹមត្រចៀកកាំ ដែលបានរួមគ្នាអភិវឌ្ឍគុណភាពផលិតកម្ម លើកកម្ពស់ស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារ រហូតទទួលបានការទទួលស្គាល់តាមស្តង់ដារអន្តរជាតិ។
សមិទ្ធផលនេះ មិនត្រឹមតែបើកទ្វារទីផ្សារដ៏ធំរបស់ប្រទេសចិនសម្រាប់ផលិតផលសំបុកត្រចៀកកាំកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃផលិតផល បង្កើតឱកាសទីផ្សារថ្មី លើកកម្ពស់ប្រាក់ចំណូលរបស់អ្នកផលិត និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកការនាំចេញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់៕
ដោយ៖ ប៉ៃ សុឃីម








