ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«ទំនើងមួយគ្រា សោកស្តាយមួយជីវិត» កម្លាំងអាវុធហត្ថស្រុកជីក្រែង ចាត់វិធានការក្តៅចំពោះក្មេងដោយគ្មានការលើកលែង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

តាមសេចក្ដីរាយការណ៍ អាវុធហត្ថស្រុកជីក្រែងបានចាត់វិធានការលើយុវជន៨នាក់ និងរក្សាម៉ូតូ៣គ្រឿងជាបណ្តោះអាសន្ន ក្រោយសកម្មភាពបង្ហោះម៉ូតូ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ នីតិវិធីបន្តអាស្រ័យលើការរកឃើញបទល្មើសពាក់ព័ន្ធ។

កម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើក្រុមក្មេងទំនើងចំនួន ៨នាក់ និងដកហូតម៉ូតូចំនួន ៣គ្រឿង បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កការរំខានដល់អ្នកធ្វើដំណើរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីកម្លាំងអាវុធហត្ថទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំឱ្យអន្តរាគមន៍លើសកម្មភាពក្មេងទំនើង។ ក្រុមនេះត្រូវបានឃាត់ខ្លួននៅចំណុច ទួលព្នៅ ស្ថិតក្នុងភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

ជាវិធានការរដ្ឋបាល ម៉ូតូទាំង ៣គ្រឿង ត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ខណៈយុវជនទាំង ៨នាក់ ត្រូវបាននាំខ្លួនទៅអប់រំ និងចាត់វិធានការតាមនីតិវិធីជាធរមាន ប្រសិនបើរកឃើញថាមានបទល្មើសពាក់ព័ន្ធ។

អាវុធហត្ថស្រុកជីក្រែង បានអំពាវនាវដល់យុវជនទាំងអស់ឱ្យបញ្ឈប់សកម្មភាពទំនើងគ្រប់រូបភាព ព្រោះមិនត្រឹមតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់អនាគតខ្លួនឯង ការសិក្សា កិត្តិយសគ្រួសារ និងអាចប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…