ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្រាប់កិច្ចប្រជុំអាយឆាថាយោធាថៃរាយបន្លាលួសនិងដាក់ទូរកុងតឺន័ររារាំងជនភៀសសឹកខ្មែរជាង២ម៉ឺននាក់មិនឱ្យទៅលំនៅឋានវិញ

KPS99TV

សេចក្តីសង្ខេប

តំណាងរងកម្ពុជាប្រចាំអាយឆា បានលើកឡើងថា របាំងបន្លាលួស និងទូរកុងតឺន័ររបស់យោធាថៃ រារាំងជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះ និងអំពាវនាវឱ្យគោរពសិទ្ធិមនុស្ស និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនិងសេចក្ដីថ្លៃថ្នូរ។

តំណាងរងកម្ពុជាប្រចាំអាយឆា បានថ្លែងក្នុងកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)ថា យោធាថៃរាយបន្លាលួសនិងដាក់ទូរកុងតឺន័ររារាំងប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់មិនឱ្យត្រឡប់ទៅលំនៅឋានវិញបាន។

ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារ ការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ជាថ្មីម្តងទៀត ឯកឧត្តមបានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ “ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

នៅចំពោះមុខអាយឆា ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសផ្លូវការរបស់អាយឆា កិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់អាយឆា បានប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយមានកិច្ចប្រជុំជំនួយការអាយឆានៅថ្ងៃទី១៧ ខែកក្កដា មុនកិច្ចប្រជុំនេះ។ កិច្ចប្រជុំត្រូវបានដឹកនាំដោយលោកជំទាវ Georgina Ann Hernandez Yang ប្រធានស្តីទីរបស់អាយឆា និងមានការចូលរួមពីតំណាង/តំណាងរងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…