នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីកំណត់ទីតាំងតភ្ជាប់ រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់ប្រទេសកម្ពុជា និងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្រ្តីអន្តរក្រសួង និងក្រុមហ៊ុនទទួលការសាងសង់ ដើម្បីពិនិត្យពិភាក្សាផ្តល់បច្ចុប្បន្នភាពដល់សមាជិកគណៈកម្មការអន្តរក្រសួងលើចំណុចតភ្ជាប់ ក៏ដូចជាការពិភាក្សាដើម្បីត្រៀមសម្រាប់កិច្ចប្រជុំជាមួយភាគីវៀតណាម នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រសួងមិនបានបង្ហាញលម្អិតអំពីលទ្ធផលនៃកិច្ចប្រជុំនេះឡើយ។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានប្រកាសបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ខណៈតាមផែនការ គម្រោងគ្រោងនឹងបញ្ជប់នៅឆ្នាំ២០២៧។
ផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ តាមការសិក្សាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសអត្រាចំណេញខាងផ្នែកសេដ្ឋកិច្ច (EIIR) មានកម្រិតខ្ពស់រហូតដល់ទៅប្រមាណ ២០ ភាគរយ។ ខ្សែផ្លូវនេះក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1) ដែលជួយសម្រួលបន្ទុកចរាចរណ៍ដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា ថៃ និងវៀតណាម៕
ដោយ៖ ង៉ែត ពិសាន្ត

















