រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានថ្លែងប្រាប់សមាជិករបស់អង្គការយូរណេស្កូថា ថៃបន្តរក្សាវត្តមានរបស់កងកម្លាំងរបស់ខ្លួននៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត នៃប្រាសាទព្រះវិហារ និងឆ្លុះបញ្ចាំងពីចេតនាបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី។
លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងដូច្នេះនៅក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
លោកជំទាវ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េសម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមជូនអង្គប្រជុំថា សង្គ្រាមឈ្លានពានក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value - OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍មូលដ្ឋាន នៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្តវិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀបចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត”។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា «កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេចបានពេញលេញឡើយ ដរាបណាការគំរាមកំហែងចំពោះរមណីយដ្ឋាននៅតែបន្តមាន នោះគឺវត្តមានរបស់កងកម្លាំងថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ក្នុងដែនអធិបតេយ្យកម្ពុជា»។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានស្នើសុំឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តតាមដានយ៉ាងខ្ជាប់ខ្ជួនលើស្ថានភាពរមណីយដ្ឋាន បន្តគាំទ្រការងារអភិរក្ស និងស្តារឡើងវិញជាបន្ទាន់ និងបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការគោរពអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។
សម្រាប់លោកជំទាវរដ្ឋមន្រ្តី សោកនាដកម្មដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕ដោយ៖ ង៉ែត ពិសាន្ត
តំណាងកម្ពុជាប្រាប់សមាជិកអង្គការយូណេស្កូថាថៃបន្តរក្សាវត្តមានកងកម្លាំងនៅតំបន់ជុំវិញនិងក្បែរប្រាសាទព្រះវិហារ
KPS99TV
សេចក្តីសង្ខេប
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានប្រាប់សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងប៊ូសានថា កងកម្លាំងថៃនៅតែមានវត្តមានជុំវិញប្រាសាទព្រះវិហារ។ កម្ពុជាបានស្នើឱ្យបន្តតាមដានស្ថានភាព និងគាំទ្រការអភិរក្សនិងស្តារឡើងវិញជាបន្ទាន់។






