កាលពីម្សិលមិញ អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើចំនួន៧០០ដើម នៅខាងត្បូងភ្នំបូក ក្នុងភូមិសាស្ត្រភូមិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន លើទីតាំងចំនួន២កន្លែង ដើម្បីស្តារគម្របព្រៃឈើក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដែលទទួលរងការកាប់ទន្ទ្រានដោយជនខិលខូចកន្លងមក។
ពិធីនេះដឹកនាំដោយ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា លោក អ៊ូ ពុធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន លោក ម៉ៅ ឧស្សាហ៍ អភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ( តំណាងលោកអភិបាលក្រុងរុនតាឯក) លោក ប៉ុន ហុក មន្ត្រីសាលាក្រុងរុនតាឯក កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន កម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងរុនតាឯកតេជោសែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រុនតាឯក អាជ្ញាធរមូលដ្ឋានភូមិឃុំ-សង្កាត់ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរុនតាឯក សរុបប្រមាណ ២៤០នាក់ផងដែរ៕
ដោយ៖ ធី លីថូ












