ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមនីតិវិធីជាធរមាន។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ សាមីខ្លួនត្រូវទៅបង្ហាញមុខជាប្រចាំរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់មានសេចក្តីសម្រេចជាថ្មីពីក្រសួង។
ប្រកាសដដែលក៏បានបញ្ជាក់ថា គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព តាមភារកិច្ច និងសមត្ថកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ ប៉ៃ សុឃីម









