ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថ្នាក់ដឹកនាំ គ.ជ.គ.ម. បន្តចុះអន្តរាគមន៍ទឹកសង្គ្រោះស្រូវនៅបាត់ដំបង តាមបទបញ្ជារបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ គ.ជ.គ.ម. បានចុះតាមដាន និងអន្តរាគមន៍ផ្គត់ផ្គង់ទឹកសង្គ្រោះស្រូវនៅស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង តាមការណែនាំរបស់ឯកឧត្តម គន់ គីម។

អនុវត្តតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គ.ជ.គ.ម. បានដឹកនាំក្រុមការងារបន្តចុះតាមដានការវាយតម្លៃផលប៉ះពាល់ និងការអន្តរាគមន៍ផ្គត់ផ្គង់ទឹក ដើម្បីសង្គ្រោះដំណាំស្រូវរដូវវស្សារបស់ប្រជាកសិករ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ដំណើរចុះពិនិត្យនេះ មានការចូលរួមពីលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរខេត្តបាត់ដំបង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

នៅរសៀលថ្ងៃដដែល ឯកឧត្តម សុទ្ធ គឹមកុលមុនី បានបន្តចុះពិនិត្យការបញ្ជូន និងចែកចាយទឹកនៅសហគមន៍កសិកម្មទំនើបថ្មគោល ស្រុកថ្មគោល បន្ទាប់ពីបានសម្របសម្រួលឱ្យមានការបញ្ជូនទឹកពីទំនប់បវេល មកកាន់តំបន់ដែលកំពុងប្រឈមនឹងការខ្វះខាតទឹក។

ជាលទ្ធផល ការផ្គត់ផ្គង់ទឹកបានដំណើរការដោយរលូន ខណៈក្រុមប្រឹក្សាភិបាលសហគមន៍ និងសហភាពសហគមន៍ បានរៀបចំការបូម និងចែកចាយទឹកប្រកបដោយសណ្តាប់ធ្នាប់ និងតម្លាភាព ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាលប៉ុស្តិ៍ ដែលបានចូលរួមគ្រប់គ្រង និងសហការជាមួយប្រជាពលរដ្ឋ ដើម្បីធានាថាទឹកទៅដល់ស្រែរបស់កសិករបានប្រកបដោយប្រសិទ្ធភាព។

សកម្មភាពនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការជួយសង្គ្រោះផលដំណាំ និងកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការខ្វះខាតទឹក ជាពិសេសក្នុងរដូវវស្សាឆ្នាំ២០២៦នេះ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…