ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីជលផល និងអាជ្ញាធរស្រុកពាមរក៍ បង្ក្រាបបទល្មើសនេសាទក្នុងដែនអភិរក្ស ដកហូតស្បៃមុង ៦៥០ម៉ែត្រ និងព្រលែងកូនត្រីជាង១០គីឡូចូលធម្មជាតិវិញ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

មន្ត្រីជលផល និងអាជ្ញាធរស្រុកពាមរក៍ បានរាយការណ៍ពីការដកហូតស្បៃមុង៦៥០ម៉ែត្រ និងការព្រលែងកូនត្រីជាង១០គីឡូក្រាម ក្នុងប្រតិបត្តិការថ្ងៃទី២២ ខែកក្កដា នៅដែនអភិរក្សកំពង់ចំណា។

មន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរស្រុកពាមរក៍ ខេត្តព្រៃវែង បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទក្នុងដែនអភិរក្សកំពង់ចំណា ដោយដកហូត និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះជាង ១០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីរួមចំណែកអភិរក្សធនធានជលផល។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ក្នុងដែនអភិរក្សកំពង់ចំណា ស្ថិតក្នុងឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការដឹកនាំពីលោក ប៉ែត សាវេន អភិបាលរងស្រុកពាមរក៍ និងការចូលរួមពីមន្ត្រីជំនាញជលផល ព្រមទាំងគណៈកម្មការទប់ស្កាត់បទល្មើសនេសាទស្រុក។

លោក ហ៊ុន សាវី នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងស្លូត បានឱ្យដឹងថា ក្នុងគោលបំណងការពារ និងថែរក្សាធនធានមច្ឆាជាតិ ជាពិសេសក្នុងរដូវបិទនេសាទ កម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះល្បាតត្រួតពិនិត្យជាប្រចាំនៅតាមដងទន្លេ ព្រែក និងតំបន់ដែនអភិរក្ស ដើម្បីទប់ស្កាត់ការលួចនេសាទដោយខុសច្បាប់។

ក្នុងអំឡុងការចុះល្បាត ក្រុមការងារបានប្រទះឃើញការលួចដាក់របាំងស្បៃមុងនៅច្រើនទីតាំងក្នុងដែនអភិរក្ស ហើយបានធ្វើការដកហូត និងបំផ្លាញភ្លាមៗនៅនឹងកន្លែង។

ជាលទ្ធផល សមត្ថកិច្ចបានដកហូតស្បៃមុងខុសច្បាប់ប្រវែង ៦៥០ម៉ែត្រ បង្គោលចម្រឹង ៣៤០ដើម និងលូស្បៃមុងចំនួន ១២មាត់។ ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ត្រូវបានដុតបំផ្លាញ ខណៈកូនត្រីចម្រុះជាង ១០គីឡូក្រាម ត្រូវបានចាក់ព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីបន្តលូតលាស់ និងបង្កើនធនធានត្រីក្នុងធម្មជាតិ។

មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីជលផល និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមគ្នាអភិរក្សធនធានមច្ឆាជាតិឱ្យមាននិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…