កម្លាំងចម្រុះរបស់រដ្ឋបាលក្រុងដូនកែវ បានចុះអនុវត្តវិធានការផ្លូវច្បាប់ដោយផ្អាកសកម្មភាពសាងសង់ និងដកហូតសម្ភារសំណង់នៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំង ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង និងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រោយពីចុះផ្អាកទីតាំងការដ្ឋានខាងលើ អាជ្ញាធរក្រុងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន និងក្រុមហ៊ុនសាងសង់ទាំងអស់ ឱ្យរៀបចំឯកសារ និងស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុន មុននឹងចាប់ផ្តើមសាងសង់សំណង់គ្រប់ប្រភេទ ដើម្បីជៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់។
ជុំវិញនឹងករណីនេះ លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានចាត់តាំងលោក សោ សុផល អភិបាលរងក្រុង ដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល កងកម្លាំងនគរបាល និងក្រុមការងារសម្របសម្រួលសណ្តាប់ធ្នាប់ក្រុង ចុះអនុវត្តវិធានការនៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំងខាងលើ។ ក្នុងប្រតិបត្តិការនេះ លោក សោ សុផល បានបញ្ជាក់ថា រដ្ឋបាលក្រុងដូនកែវ មិនរារាំងការអភិវឌ្ឍ ឬការសាងសង់របស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែការសាងសង់គ្រប់ប្រភេទ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជៀសវាងការប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកជិតខាង។
រដ្ឋបាលក្រុងដូនកែវ អះអាងថា ក្រុមការងារជំនាញនឹងបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ទាំងអស់ក្នុងដែនសមត្ថកិច្ចជាប្រចាំ ហើយនឹងអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះការដ្ឋានណាដែលបន្តសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីធានាឱ្យការអភិវឌ្ឍក្រុងដូនកែវប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងស្របតាមច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត










