លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យសារព័ត៌មាន Bloomberg ដឹងថា កម្ពុជា កំពុងពិភាក្សាជាមួយសហរដ្ឋអាម៉េរិក លើការសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញ ពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា៖ «កម្ពុជាកំពុងរង់ចាំសេចក្តីសម្រេចពាក់ព័ន្ធនឹងមាត្រា ១២២ និង ៣០១ ស្តីពីសមត្ថភាពលើសតម្រូវការ វាគឺជាលទ្ធផលនៃកិច្ចពិភាក្សាដែលកម្ពុជា បានធ្វើជាបន្តបន្ទាប់ជាមួយសហរដ្ឋអាម៉េរិក អំពីសមត្ថភាពពាណិជ្ជកម្មរបស់យើង។ ចំពោះបញ្ហាពលកម្មដោយបង្ខំ កម្ពុជា បានចាត់វិធានការបន្ថែម ដោយមានក្រសួងជាក់លាក់ចំនួនបីចូលរួមអនុវត្ត។ វិធានការទាំងនេះបង្ហាញយ៉ាងច្បាស់ថា កម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ទំនិញ ដែលផលិតដោយប្រើពលកម្មដោយបង្ខំ មិនឱ្យនាំចូលមកក្នុងប្រទេស។ ដូច្នេះ យើងដឹងថា កម្ពុជាមានលទ្ធភាពរក្សាអត្រាពន្ធឱ្យនៅក្រោម ១៩%»។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានអះអាងថា កម្ពុជាក៏កំពុងចរចាជាមួយសហរដ្ឋអាម៉េរិក អំពីប្រព័ន្ធកូតាផងដែរ រួមជាមួយដៃគូពាណិជ្ជកម្មមួយចំនួនទៀត ដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ប្រព័ន្ធនេះផ្តោតជាពិសេសលើការនាំចូលវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរពីសហរដ្ឋអាម៉េរិកមកកែច្នៃនៅកម្ពុជា ហើយបន្ទាប់មកនាំចូលត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ ដោយមិនជាប់កូតា និងមិនជាប់ពន្ធ។
បើតាមលោកជំទាវ ចម និម្មល «ប្រសិនបើយើងពិនិត្យជាក់លាក់លើចិន និងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចូល និងនាំចេញធំបំផុតរបស់កម្ពុជា យើងឃើញថា ប្រទេសទាំងពីរ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដូច្នេះ ផលប្រយោជន៍របស់ភាគីមួយ នឹងមិនរំលោភលើផលប្រយោជន៍របស់ភាគីមួយទៀតឡើយ»។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមរយៈពេលខ្លីចំពោះការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩របស់កម្ពុជា ត្រូវបានលោកជំទាវ ចម និម្មល អះអាងថា ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច មិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែវាគឺជាចំណុចសំខាន់មួយនៅក្នុងដំណើរអភិវឌ្ឍន៍។ សម្រាប់កម្ពុជា វាបានបង្ហាញពីលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងគោលនយោបាយដ៏ត្រឹមត្រូវ ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវចំណុចសំខាន់នេះ។ ដំណាក់កាលបន្ទាប់នៃកំណើនរបស់កម្ពុជា គឺការពង្រឹងសមត្ថភាពក្នុងស្រុក និងការបង្កើនភាពប្រកួតប្រជែង ដើម្បីធ្វើសមាហរណកម្ម ជាមួយសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែស៊ីជម្រៅ៕ដោយ៖ ង៉ែត ពិសាន្ត
រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ Bloomberg ថាកម្ពុជាកំពុងចរចាសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយជាមួយអាម៉េរិកដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
KPS99TV
សេចក្តីសង្ខេប
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល បានប្រាប់ Bloomberg ថា កម្ពុជាកំពុងពិភាក្សាជាមួយអាម៉េរិកអំពីការសម្រួលពាណិជ្ជកម្ម នីតិវិធីគយ និងកូតា ដើម្បីត្រៀមចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។






