ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រធានរដ្ឋសភាគ្រោងទៅវៀតណាមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការបន្ថែមនៅសប្តាហ៍ក្រោយ

KPS99TV

សេចក្តីសង្ខេប

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងវៀតណាមឱ្យកាន់តែជិតស្និត រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។ បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានឱ្យដឹងក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៤ ខែកក្កដាថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ជិន ថាញ់មិញ (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម។

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងវៀតណាមឱ្យកាន់តែជិតស្និត រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។

បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានឱ្យដឹងក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៤ ខែកក្កដាថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ជិន ថាញ់មិញ (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចនឹងជួបសម្ដែងការគួរសមជាមួយអគ្គលេខាធិការបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម ឯកឧត្តម តូ ឡឹម (TO Lam) ជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភាវៀតណាមឯកឧត្តម ជិន ថាញ់មិន និងនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) ផងដែរ។

អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

បន្ថែមពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចប្រធានរដ្ឋសភា ក៏គ្រោងអញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗ រួមមានតំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ក៍ដូចជាដើម្បីពង្រឹងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សេវាសុខាភិបាល និងអប់រំ សំដៅបម្រើឧត្តមប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបន្ថែមទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…