ផលិតផលខ្មែរដែលជាស្នាដៃរបស់កសិករ ផលិតករ និងសិប្បករនៅខេត្តកំពង់ស្ពឺ កំពុងដាក់តាំងបង្ហាញ និងលក់នៅ «ផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ» ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានជ្រើសរើសទិញផលិតផលក្នុងស្រុកដែលមានគុណភាព សុវត្ថិភាព និងមានប្រភពផលិតច្បាស់លាស់។
ផ្សារនេះបើកដំណើរការជារៀងរាល់ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ៦:០០ នាទីល្ងាច ស្ថិតនៅ បរិវេណវិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ខេត្តកំពង់ស្ពឺ។
ទីតាំងផ្សារ៖ https://maps.app.goo.gl/WFJH6PVzYaYkh5VH7?g_st=atm
ព័ត៌មានបន្ថែម៖ ១២៦៦
ក្រោមការយកចិត្តទុកដាក់ពី ក្រសួងពាណិជ្ជកម្ម សហការជាមួយ រដ្ឋបាលខេត្តកំពង់ស្ពឺ និង មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ផ្សារផលិតផលខ្មែរនេះត្រូវបានបង្កើត និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៩។ រហូតមកដល់បច្ចុប្បន្ន ផ្សារនេះបានក្លាយជាវេទិកាដ៏សំខាន់មួយ ក្នុងការតភ្ជាប់អ្នកផលិតជាមួយអ្នកប្រើប្រាស់ ពង្រីកទីផ្សារផលិតផលក្នុងស្រុក និងបង្កើនឱកាសលក់សម្រាប់កសិករ និងសហគ្រាសមូលដ្ឋាន។
ការបង្កើតផ្សារផលិតផលខ្មែរ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ពង្រឹងខ្សែច្រវាក់តម្លៃផលិតកម្ម ពង្រីកទីផ្សារសម្រាប់កសិករ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
សូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មកទស្សនា និងគាំទ្រការទិញផលិតផលខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃកូនខ្មែរ គាំទ្រកសិករ និងផលិតករក្នុងស្រុក ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលខ្មែរនៅទូទាំងប្រទេស។
«ទិញផលិតផលខ្មែរ គឺជាការគាំទ្រកសិករ ផលិតករ និងសេដ្ឋកិច្ចជាតិ»៕
ដោយ៖ ប៉ៃ សុឃីម
















