ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបន្តគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងលើកកម្ពស់សន្តិភាពតាមព្រំដែនកម្ពុជា-ថៃ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជា ដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ពៅ ហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្រោមការដឹកនាំរបស់ប្រទេសហ្វីលីពីន និងបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជា ដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ពៅ ហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្រោមការដឹកនាំរបស់ប្រទេសហ្វីលីពីន និងបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។

ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z DIZON បានថ្លែងអំណរគុណចំពោះយោធភូមិភាគទី៤ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ និងសម្របសម្រួលគ្រប់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។ លោកក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្មប្រកបដោយវិជ្ជាជីវៈ ឯករាជ្យ និងតម្លាភាព។

កម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងដល់តួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់បណ្តាប្រទេសជាមិត្ត ក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពក្នុងតំបន់។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងកម្ពុជា និងថៃ ដើម្បីជំរុញឱ្យស្ថានភាពតាមព្រំដែនវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង ស្របតាមគោលការណ៍នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…