ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុងកោះរ៉ុងបើកកិច្ចប្រជុំពិគ្រោះយោបល់ ដាក់ចេញផែនការកាត់បន្ថយសំណល់ប្លាស្ទិក ឆ្ពោះទៅកាន់គោលដៅទេសចរណ៍ស្អាត និងបៃតង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងកោះរ៉ុង ឯកឧត្តម នី ផល្លា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ. អ.

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងកោះរ៉ុង ឯកឧត្តម នី ផល្លា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក. រួមជាមួយលោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងម្ចាស់អាជីវកម្មទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការគ្រប់គ្រងអនាម័យបរិស្ថាន និងការកាត់បន្ថយសំណល់ប្លាស្ទិកសម្រាប់ក្រុងកោះរ៉ុង។

ក្នុងកិច្ចប្រជុំ លោក រាជ សុវណ្ណ អភិបាលក្រុងបានបង្ហាញពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងមូលហេតុដែលបង្កឱ្យមានសំណល់សំរាម ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងលើកឡើងពីវិធានការ និងទិសដៅការងារដែលរដ្ឋបាលក្រុងកំពុងអនុវត្ត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងរក្សាសោភ័ណភាពតំបន់ទេសចរណ៍។

ជាមួយគ្នានេះ ឯកឧត្តម នី ផល្លា បានផ្តល់អនុសាសន៍សំខាន់ៗលើការគ្រប់គ្រងសំណល់រឹង និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់រមណីយដ្ឋាន អាជីវកម្មទេសចរណ៍ និងវិស័យឯកជន ចូលរួមសហការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងអនុវត្តវិធានការគ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាព ដើម្បីប្រែក្លាយក្រុងកោះរ៉ុងទៅជាគោលដៅទេសចរណ៍ស្អាត បៃតង និងគ្មានសំណល់ប្លាស្ទិក។

ជាកិច្ចបញ្ចប់ អង្គប្រជុំបានស្តាប់មតិយោបល់ និងសំណូមពរពីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងតំណាងវិស័យឯកជន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងដោះស្រាយបញ្ហាសំណល់សំរាម ដើម្បីលើកកម្ពស់ភាពស្អាត និងនិរន្តរភាពនៃវិស័យទេសចរណ៍នៅក្រុងកោះរ៉ុង៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…