ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តតាកែវ បកស្រាយច្បាស់! ការចាក់ដីក្នុងបឹងតាកែវ មិនមែនរំលោភយកដីរដ្ឋទេ តែដើម្បីអភិវឌ្ឍសមិទ្ធផលសាធារណៈ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអះអាងយ៉ាងច្បាស់ថា ការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ មិនមែនជាការរំលោភយកដីចំណីបឹង ឬធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ ប៉ុន្តែជាគម្រោងអភិវឌ្ឍសមិទ្ធផលសាធារណៈ ដើម្បីលើកកម្ពស់សោភណភាពទីក្រុង និងជំរុញវិស័យទេសចរណ៍ក្នុងខេត្ត។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចុះផ្សាយនៅលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបង្ហាញការព្រួយបារម្ភថា ការចាក់ដីក្នុងបឹងអាចបណ្តាលឱ្យខ្វះខាតប្រភពទឹក និងជាការរំលោភយកដីសាធារណៈរបស់រដ្ឋ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអះអាងយ៉ាងច្បាស់ថា ការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ មិនមែនជាការរំលោភយកដីចំណីបឹង ឬធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ ប៉ុន្តែជាគម្រោងអភិវឌ្ឍសមិទ្ធផលសាធារណៈ ដើម្បីលើកកម្ពស់សោភណភាពទីក្រុង និងជំរុញវិស័យទេសចរណ៍ក្នុងខេត្ត។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចុះផ្សាយនៅលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបង្ហាញការព្រួយបារម្ភថា ការចាក់ដីក្នុងបឹងអាចបណ្តាលឱ្យខ្វះខាតប្រភពទឹក និងជាការរំលោភយកដីសាធារណៈរបស់រដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ព័ត៌មានទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ឡើយ។ លោកបានពន្យល់ថា ការចាក់ដីមួយផ្នែកក្នុងបឹង គឺសម្រាប់សាងសង់ ប្រាសាទសិរីវិជ័យ ដែលអាជ្ញាធរខេត្តបានបញ្ចុះបឋមសិលាកាលពីពេលថ្មីៗនេះ។ ដីមួយផ្នែកទៀត ត្រូវប្រើសម្រាប់សាងសង់ផ្លូវចូលទៅកាន់សណ្ឋាគារលំដាប់ផ្កាយ៤ របស់ក្រុមហ៊ុនវិនិយោគ ខណៈផ្នែកផ្សេងទៀត នឹងអភិវឌ្ឍជាវេទិកាប្រណាំងទូក និងសួនច្បារសាធារណៈ សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ។

ឯកឧត្តម វ៉ី សំណាង ក៏បានលើកឡើងថា អាជ្ញាធរខេត្តមិនអាចទុកដីចំណីបឹងឱ្យក្លាយជាទីតាំងដុះស្មៅ និងព្រៃស៊ុបទ្រុប ដែលប៉ះពាល់ដល់សោភណភាពទីក្រុងនោះទេ ហើយសង្កត់ធ្ងន់ថា មិនមានការរំលោភយកដីចំណីបឹងសម្រាប់សាងសង់លំនៅឋានឯកជនដូចការលើកឡើងនោះឡើយ។

បន្ថែមពីនេះ អាជ្ញាធរខេត្តក៏គ្រោងសាងសង់ផ្លូវក្រវាត់ជុំវិញបឹងតាកែវ ដែលនឹងបើកការដ្ឋានជាផ្លូវការនាពេលឆាប់ៗខាងមុខ។

ឯកឧត្តមអភិបាលខេត្តបានបង្ហាញក្តីរំពឹងថា បន្ទាប់ពីគម្រោងសាងសង់ប្រាសាទ សណ្ឋាគារ សួនច្បារ វេទិកាប្រណាំងទូក និងផ្លូវក្រវាត់បឹងត្រូវបានបញ្ចប់ ខេត្តតាកែវ ជាពិសេសក្រុងដូនកែវ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីដ៏ទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…