ដើម្បីបន្តជំរុញនិងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ ដូចជាការទាក់ទាញលំហូរភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅតំបន់ភូមិភាគឦសានក្នុងរដូវកាលបៃតងចាប់ពីខែឧសភា ដល់ខែតុលា ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង។
ការរៀបចំព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា។
បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ១. លើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ភូមិភាគឦសាន ២. ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និង៣. ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួង ទេសចរណ៍ ក្នុងការទាក់ទាញលំហូរភ្ញៀវ និងរបាយទេសចរជាតិ-ទេសចរអន្តរជាតិពេញមួយឆ្នាំ និងគ្រប់រដូវកាល។
ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម ក្រសួងទេសចរណ៍ បានរៀបចំស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសានដ៏មានឱជារស ផ្លែឈើធម្មជាតិ ប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋាន រួមទាំងមានវេទិកាជជែកស្តីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦» និងកម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជន ក្រោមប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ ទេសចរណ៍ក្នុងរដូវកាលបៃតង»ហើយក៏មានកម្មវិធីសម្តែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រីផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត











