ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វេទិការធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦និងដំណើរកម្សាន្តទេសចរណ៍ចិនមកខេត្តព្រះសីហនុនឹងរៀបចំនៅថ្ងៃស្អែកនេះ

KPS99TV

សេចក្តីសង្ខេប

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ«វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៩ស្អែកនេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ«វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៩ស្អែកនេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។

វេទិកានេះ នឹងរៀបចំក្រោមប្រធានបទ៖ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ដើម្បីផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង (Green Season) ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចិនមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ បង្កើនការហោះហើរត្រង់ ទាក់ទាញវិនិយោគិន និងបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចទេសចរឱ្យកាន់តែប្រសើរឡើង។

ពិធីបើកវេទិកានេះ នឹងធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីតំណាងការិយាល័យកុងស៊ុលចិន អភិបាលរងក្រុងអ៊ូស៊ី នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តំណាងក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី បណ្តាសមាគមមិត្តភាព/វិនិយោគកម្ពុជា-ចិន សារព័ត៌មានចិន ប្រតិបត្តិករទេសចរណ៍សរុបប្រមាណ ២៥០នាក់ ក្នុងនោះក៏មានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកប្រមាណ៤០ និងក្រុមហ៊ុនទេសចរណ៍ចិនប្រមាណ ៤០ក្រុមហ៊ុនផងដែរ។

តាមរយៈព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត នឹងរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ វេទិការផ្គូផ្គងធុរកិច្ចទេសចរណ៍ និងការបង្កើតទំនាក់ទំនង រួមទាំងដំណើរកម្សាន្ត (Fam Trip) និងទស្សនកិច្ចសិក្សានៅតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនផងដែរ។

ក្រៅពីនេះ រដ្ឋបាលខេត្ត ក៏នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង ដើម្បីជំរុញការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍ក្នុងរដូវកាលបៃតងដែលមានការប្រគំតន្រ្តីអមជាមួយការរៀបចំតាំងស្តង់ផលិតផលក្នុងស្រុកមួយចំនួន ជាពិសេសការរៀបចំនូវសកម្មភាពទាក់ទាញសកម្មភាពកីឡាទេសចរណ៍មួយចំនួនដូចជា ការប្រដាល់គុនខ្មែរ ប្រកួតបាល់ទះលើឆ្នេរខ្សាច់ ប្រកួតវាយកូនឃ្លីលើតុ និងប្រកួតចំបាប់កាច់ដៃ។ នេះជាព្រឹត្តិការណ៍សំខាន់ដែលរដ្ឋបាលខេត្តតែងតែរៀបចំដើម្បីជំរុញការទាក់ទាញទេសចរណ៍រដូវកាលបៃតង តាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍។

រដ្ឋបាលខេត្ត សង្ឃឹមថា វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង (Green Season) ជំរុញការទាក់ទាញវិនិយោគិន និងការបង្កើនការហោះហើរត្រង់ ដើម្បីស្វាគមន៍ទេសចរអន្តរជាតិ ជាពិសេសទេសចរចិនមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនឡើង៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…