ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាន់តែខិតជិតមកដល់ពោលគឺប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ខណៈបេក្ខជនណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យនៃការប្រឡង នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ចំណែក ដំណើរការកំណែវិញ្ញាសា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា។ ដំណើរការស្រង់ បូកពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ និងការផ្ទៀងផ្ទាត់ពិន្ទុ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែសីហា ។ ការបោះពុម្ពលទ្ធផលប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ខណៈលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៅរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួន ១៥១ ២៣៨នាក់ ក្នុងនោះស្រីមានចំនួន ៨៤ ៧៣៥នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ ក្នុងនោះស្រី ២២ ១៩៣នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់ ក្នុងនោះស្រី ៦២ ៥៤២នាក់។
បេក្ខជនត្រូវបានរៀបចំឱ្យមានចំនួន ២៥នាក់ក្នុងមួយបន្ទប់ប្រឡង នៅតាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ដោយឡែក មណ្ឌលសំណេរមានចំនួនសរុប ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន ៦៨មណ្ឌល ស្មើនឹង ១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦មណ្ឌល ស្មើនឹង ៤ ៥៧៨បន្ទប់។ មណ្ឌលកំណែ មានចំនួន ១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ។
ក្រសួងអប់រំ បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ជាពិសេសមិនត្រូវលាក់ទុកទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជនណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យនៃការប្រឡង នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕
ដោយ៖ ង៉ែត ពិសាន្ត









