ក្រសួងបរិស្ថានបានចុះត្រួតពិនិត្យរោងចក្របោកគក់សម្លៀកបំពាក់ KICYN (CAMBODIA) CO., LTD. ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានការសង្ស័យបញ្ចេញសំណល់រាវចូលទៅក្នុងទន្លេបាទី។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមមន្ត្រីអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តកណ្តាល។
ការត្រួតពិនិត្យបានរកឃើញថា មានទឹកថ្លា មានពពុះ និងក្លិនអូសាវែល ហូរចេញពីលូបង្ហូរសំណល់រាវក្រោយការប្រព្រឹត្តិកម្មរបស់ក្រុមហ៊ុន ចូលទៅក្នុងទន្លេបាទី។ មន្ត្រីជំនាញបានយកសំណាកទឹកចំនួន ១ សំណាក ពីចំណុចចុងក្រោយមុនបង្ហូរចូលទន្លេ ដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។
តាមការពិនិត្យ ក្រុមហ៊ុនកំពុងប្រើប្រាស់ម៉ាស៊ីនបោកចំនួន ៣៨ គ្រឿង ម៉ាស៊ីនសម្ងួត ៤១ គ្រឿង និងម៉ាស៊ីនពូត ៧ គ្រឿង។ សំណល់រាវពីដំណើរការផលិត ត្រូវបានបញ្ជូនចូលប្រព័ន្ធប្រព្រឹត្តិកម្មបែបគីមីសាស្ត្រ ដោយប្រើសារធាតុ PAC, NaOH, PAM និង Soda Ash រួមជាមួយការបាញ់ខ្យល់ មុនបង្ហូរចេញតាមប្រព័ន្ធលូ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រុមហ៊ុនមានរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន (IEIA) និងលិខិតអនុញ្ញាតបញ្ចេញសំណល់ត្រឹមត្រូវ ព្រមទាំងបានដំឡើងប្រព័ន្ធតាមដានគុណភាពទឹកដោយស្វ័យប្រវត្តិ។ លទ្ធផលពីប្រព័ន្ធតាមដានបង្ហាញថា ស្ថិតក្នុងស្តង់ដារកំណត់ ខណៈការវាស់វែងបឋមនៅចំណុចបង្ហូរចេញរកឃើញតម្លៃ pH = 7.94 ដែលស្ថិតក្នុងកម្រិតស្តង់ដារ 5.5 < pH < 9។
ទោះជាយ៉ាងណា ក្រសួងបរិស្ថានបានដាក់វិធានការយ៉ាងតឹងរ៉ឹង ដោយហាមឃាត់ដាច់ខាតការបង្ហូរសំណល់រាវដោយផ្ទាល់ ដោយមិនឆ្លងកាត់ការប្រព្រឹត្តិកម្មត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុនបង្ហូរចូលប្រភពទឹកធម្មជាតិ។
ក្រសួងបានបញ្ជាក់បន្ថែមថា ប្រសិនបើលទ្ធផលវិភាគសំណាកទឹកនៅមន្ទីរពិសោធន៍បង្ហាញថា គុណភាពទឹកលើសកម្រិតស្តង់ដារ និងបង្កផលប៉ះពាល់ដល់បរិស្ថាន ក្រុមហ៊ុននឹងត្រូវទទួលខុសត្រូវ និងរងវិធានការតាមច្បាប់ជាធរមាន៕
ដោយ៖ ប៉ៃ សុឃីម












