ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ–កម្ពុជា» ដើម្បីជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ទាក់ទាញភ្ញៀវអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិន។
វេទិកានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខារីស្សត (Sokha Resort) ក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សមាគមទេសចរណ៍ សមាគមមិត្តភាពកម្ពុជា-ចិន ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូ និងក្រុមហ៊ុនទេសចរណ៍មកពីប្រទេសចិន រួមមាន ខេត្តហៃណាន ក្វាងតុង និងទីក្រុងសៀងហៃ ណានជីង អ៊ូស៊ី ឆឹងទូ និងឆុងឈីង សរុបប្រមាណ ២៥០នាក់។
វេទិកានេះមានគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយ ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងភាពជាដៃគូរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។
សកម្មភាពសំខាន់ៗក្នុងវេទិការួមមាន ពិធីបើកផ្លូវការ សន្និសីទសារព័ត៌មាន ការបង្ហាញសក្ដានុពលទេសចរណ៍ខេត្តព្រះសីហនុ វេទិកាផ្គូផ្គងធុរកិច្ច (Business-to-Business Matching: B2B) ការបង្កើតបណ្តាញទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍កម្ពុជា-ចិន និងដំណើរកម្សាន្តសិក្សា (Familiarization Trip: Fam Trip) ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅលើដីគោក និងកោះរ៉ុង។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង ការប្រគំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពទាក់ទាញ និងបង្កើតបរិយាកាសរស់រវើកសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។
តាមរយៈវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តព្រះសីហនុរំពឹងថា នឹងរួមចំណែកពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្ត ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងជំរុញការវិនិយោគបន្ថែម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ក្រុមការងារKPS99














