ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។
វេទិកានេះមានគោលបំណងផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។
ក្នុងឱកាសនោះ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍បានធ្វើបទបង្ហាញអំពីកញ្ចប់ទេសចរណ៍ថ្មីៗ និងសក្ដានុពលរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប រួមមានផ្លូវល្បឿនលឿន កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ និងប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាព។ ខេត្តនេះក៏សម្បូរទៅដោយធនធានទេសចរណ៍ធម្មជាតិ ដូចជា ឆ្នេរសមុទ្រស្រស់ស្អាត កោះ ឧទ្យានជាតិ ទឹកធ្លាក់ និងព្រៃកោងកាង ដែលជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ អនាម័យ បរិស្ថាន និងការអនុវត្តស្តង់ដារទេសចរណ៍ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តព្រះសីហនុ និងកម្ពុជាកាន់តែច្រើននាពេលអនាគត។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ក្រុមការងារKPS99TV














