ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុងថ្មី ប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ស្ពាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងសាងសង់ដោយកងវិស្វកម្ម ក្រសួងការពារជាតិ។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៩៥% ហើយ និងគ្រោងបញ្ចប់ទាំងស្រុងមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
បន្ទាប់ពីបញ្ចប់ ស្ពាននឹងត្រូវបំពាក់ភ្លើងបំភ្លឺ LED ដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពនៅពេលយប់។
ស្ពានបេតុងថ្មីនេះ នឹងជំនួសស្ពានដែកបាឡេចាស់ដែលមានសភាពទ្រុឌទ្រោម និងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ក៏ដូចជាជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងការតភ្ជាប់គមនាគមន៍រវាងស្រុកភ្នំក្រវាញ និងតំបន់ជុំវិញ ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕
ដោយ៖ ប៉ៃ សុឃីម















