ខេត្តសៀមរាប៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុង វេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ដែលប្រារព្ធធ្វើនៅសណ្ឋាគារសុខាសៀមរាប។
ពិធីនេះមានការចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប វិស័យឯកជន សិប្បករ ផលិតករ និងតំណាងភាគីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាជំរុញការអភិវឌ្ឍផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារ។
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ខ្មែរ មិនត្រឹមជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតកជាតិ ដែលអាចរួមចំណែកជំរុញសេដ្ឋកិច្ចច្នៃប្រឌិត បង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកជំទាវក៏បានលើកឡើងពីគំនិតផ្តួចផ្តើមសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា រួមមាន ការធ្វើទំនើបកម្មសេវាសាធារណៈ ការការពារអ្នកប្រើប្រាស់ ការជំរុញពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ការបង្កើតម៉ាកវិញ្ញាបនបត្រ (Certification Mark) សម្រាប់ផលិតផលសក្តានុពល ក៏ដូចជាការអនុវត្តយុទ្ធនាការ #MadeInCambodia និង #MadeByHer ព្រមទាំងការពង្រីកទីផ្សារតាមថ្នាល CambodiaTrade.com ដើម្បីជួយឱ្យផលិតផលខ្មែរកាន់តែមានភាពលេចធ្លោទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ៕
ដោយ៖ ប៉ៃ សុឃីម




















