នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសម្ពោធ ការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ ស្តីពីរូបថត និងព័ត៌មាននៃវត្ថុសិល្បៈខ្មែរ ដែលត្រូវបាននាំចេញដោយខុសច្បាប់ និងត្រូវបានរាជរដ្ឋាភិបាលទាមទារត្រឡប់មកកម្ពុជាវិញ។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសួនច្បារ លោក អ៊ុក រ៉ាប៊ុន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ការតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយការយល់ដឹងដល់សាធារណជន អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ ស្របតាមចក្ខុវិស័យ «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌»។
ជាមួយគ្នានេះ ពិព័រណ៍ក៏បង្ហាញពីវត្ថុសិល្បៈខ្មែរដែលធ្លាប់បាត់បង់ និងត្រូវបានទាមទារយកត្រឡប់មកវិញ ដើម្បីឱ្យសាធារណជនបានស្គាល់ពីប្រវត្តិ និងតម្លៃដ៏វិសេសវិសាលនៃសម្បត្តិមរតកដូនតា ព្រមទាំងលើកទឹកចិត្តឱ្យគ្រប់ភាគីរួមចំណែកការពារសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។
ជាពិសេស ព្រឹត្តិការណ៍នេះក៏មានគោលបំណងបណ្តុះស្មារតី និងមនសិការដល់យុវជនជំនាន់ក្រោយ ឱ្យកាន់តែយល់ច្បាស់អំពីភាពសម្បូរបែប និងអត្តសញ្ញាណនៃសិល្បៈវប្បធម៌ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកពីបុព្វបុរស។ តាមរយៈការតាំងពិព័រណ៍នេះ អ្នកទស្សនានឹងបានយល់ដឹងកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃការថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌ ដែលជាដួងព្រលឹង និងអត្តសញ្ញាណរបស់ជាតិខ្មែរ៕
ដោយ៖ ប៉ៃ សុឃីម












