ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមធ្វើជា សហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០៣ ដល់ទី០៤ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដានេះ។
ការគ្រោងទៅបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស នៃប្រទេសម៉ាឡេស៊ី។
បើតាមក្រសួងការបរទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងធ្វើជាសហប្រធានជាមួយ ឯកឧត្តម មហាម៉ាដ ហាហ្សាន ក្នុង កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ម៉ាឡេស៊ី លើកទី៣។
កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី៣ នឹងពិនិត្យគ្រប់ជ្រុងជ្រោយលើវឌ្ឍនភាព ដែលសម្រេចបានក្នុងការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២ និងកិច្ចព្រមព្រៀងនានាដែល បានឯកភាពនាពេលកន្លងមក។ កិច្ចប្រជុំនេះ នឹងដាក់ចេញនូវវិធានជាក់លាក់បន្ថែម ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតលើវិស័យជាច្រើន ដែលនឹងផ្តល់នូវ សន្ទុះបន្ថែមថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ ប្រជាជននៃប្រទេសទាំងពីរ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ ង៉ែត ពិសាន្ត









