ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាពង្រឹងប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញទូទាត់ QR ឆ្លងដែនអាស៊ាន

KPS99TV

សេចក្តីសង្ខេប

កម្ពុជាកំពុងពង្រឹងតួនាទីរបស់ខ្លួនក្នុងវិស័យទូទាត់ឌីជីថលនៅអាស៊ីអាគ្នេយ៍ តាមរយៈការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន ជាមួយប្រទេសសមាជិកអាស៊ានចំនួន ៥ រួមមាន ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានដឹកនាំដោយធនាគារជាតិនៃកម្ពុជា (NBC) តាមរយៈប្រព័ន្ធទូទាត់ Bakong និងស្តង់ដារ KHQR ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់រាយបានភ្លាមៗឆ្លងដែន ដោយគ្រាន់តែស្កេន QR Code ស្តង់ដារ នៅក្នុងបណ្តាញទូទាត់របស់ប្រទេសដៃគូ និងទូទាត់ជារូបិយប័ណ្ណក្នុងស្រុក។

កម្ពុជាកំពុងពង្រឹងតួនាទីរបស់ខ្លួនក្នុងវិស័យទូទាត់ឌីជីថលនៅអាស៊ីអាគ្នេយ៍ តាមរយៈការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន ជាមួយប្រទេសសមាជិកអាស៊ានចំនួន ៥ រួមមាន ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដឹកនាំដោយធនាគារជាតិនៃកម្ពុជា (NBC) តាមរយៈប្រព័ន្ធទូទាត់ Bakong និងស្តង់ដារ KHQR ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់រាយបានភ្លាមៗឆ្លងដែន ដោយគ្រាន់តែស្កេន QR Code ស្តង់ដារ នៅក្នុងបណ្តាញទូទាត់របស់ប្រទេសដៃគូ និងទូទាត់ជារូបិយប័ណ្ណក្នុងស្រុក។

បច្ចុប្បន្ន កម្ពុជាបានបង្កើតការតភ្ជាប់ប្រព័ន្ធទូទាត់ QR ជាលក្ខណៈទ្វេភាគីជាមួយប្រទេសអាស៊ានចំនួន ៥ ដែលធ្វើឱ្យកម្ពុជាឈរនៅកម្រិតស្មើប្រទេសសិង្ហបុរី ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់ និងស្ថិតនៅបន្ទាប់ពីប្រទេសថៃ ដែលបង្ហាញពីតួនាទីកាន់តែសំខាន់របស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលទូទាត់ឌីជីថលមួយនៅអាស៊ីអាគ្នេយ៍។

ក្នុងសារអបអរសាទរទិវាអាស៊ានលើកទី៥៩ លេខាធិការដ្ឋានអាស៊ាន បានលើកឡើងថា ការតភ្ជាប់ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន កំពុងធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ និងសហគ្រាសធុនតូច និងមធ្យមនៅទូទាំងតំបន់។

លេខាធិការដ្ឋានអាស៊ានបានបញ្ជាក់ថា៖ «ការពង្រីកជាបន្តបន្ទាប់នៃការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការអភិវឌ្ឍដំណោះស្រាយទូទាត់ដែលមានលក្ខណៈបរិយាបន្ន និងផ្តោតលើអ្នកប្រើប្រាស់ ដើម្បីជំរុញកំណើនប្រកបដោយបរិយាបន្ន និងពង្រឹងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចទូទាំងតំបន់»។

ប្រភពដដែលបានបន្ថែមថា៖ «ខណៈដែលយើងឈានទៅកាន់ទិវាអាស៊ានលើកទី៥៩ សមិទ្ធផលនេះបានបង្ហាញថា អនាគតឌីជីថលរបស់អាស៊ាន គឺផ្តោតលើការបង្កើតការតភ្ជាប់ជាក់ស្តែង ដែលប្រជាពលរដ្ឋអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ»។

អាជ្ញាធរហិរញ្ញវត្ថុបានអះអាងថា ប្រព័ន្ធទូទាត់ដែលអាចធ្វើអន្តរប្រតិបត្តិការជាមួយគ្នាបាន នឹងជួយកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្តូរប្រាក់បែបប្រពៃណី បន្ថយថ្លៃដើមប្រតិបត្តិការសម្រាប់ពាណិជ្ជកម្មឆ្លងដែន និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ តាមរយៈការធ្វើឱ្យការទូទាត់មានភាពរហ័ស ងាយស្រួល និងមានសុវត្ថិភាពជាងមុន។ ស្របពេលដែលអាស៊ានបន្តជំរុញសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ ការពង្រីកបណ្តាញទូទាត់ QR របស់កម្ពុជា ត្រូវបានរំពឹងថា នឹងជួយជំរុញពាណិជ្ជកម្ម ការធ្វើដំណើរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…