ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវ៉ាត់បៃតងនៅតាមតំបន់ទេសចរណ៍» នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងភ្ជាប់វិស័យកសិកម្ម និងទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងជំរុញគោលនយោបាយ «នាំចេញនៅនឹងកន្លែង»។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសួនអាស៊ាន-កូរ៉េកម្ពុជា ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
អនុស្សរណៈនេះ ផ្តោតលើការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មពីសហគមន៍កសិកម្មទៅកាន់តំបន់ទេសចរណ៍ ដើម្បីធានាការផ្គត់ផ្គង់ផលិតផលស្រស់ មានគុណភាព និងមានស្ថិរភាព។ ទន្ទឹមនឹងនេះ ក៏ជួយបង្កើនតម្លៃបន្ថែមដល់វិស័យកសិ-ទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងសក្តានុពលតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសខេត្តសៀមរាប។
ក្រសួងទាំងពីរ បានបញ្ជាក់ថា កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគី ដោយប្រជាកសិករ និងសហគមន៍មូលដ្ឋានទទួលបានទីផ្សារច្បាស់លាស់ និងប្រាក់ចំណូលកាន់តែប្រសើរ ខណៈវិស័យទេសចរណ៍អាចប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកដែលមានគុណភាព ស្រស់ និងអាចតាមដានប្រភពបាន។
ជាមួយគ្នានេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងទទួលបានបទពិសោធន៍ថ្មី តាមរយៈការទស្សនាខ្សែច្រវាក់ផលិតកម្មកសិកម្ម និងស្វែងយល់ពីសក្តានុពលកសិផលរបស់កម្ពុជា ដែលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងទេសចរណ៍ឱ្យរីកចម្រើនទៅជាមួយគ្នា។
ក្រសួងទាំងពីរ ក៏បានគូសបញ្ជាក់ថា គោលការណ៍ «នាំចេញនៅនឹងកន្លែង» គឺជាយុទ្ធសាស្ត្រសំខាន់ក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ដោយតំបន់ទេសចរណ៍នីមួយៗត្រូវមានប្រភពផ្គត់ផ្គង់បន្លែ ត្រី សាច់ និងកសិផលផ្សេងៗពីមូលដ្ឋានផ្ទាល់។ វិធីសាស្ត្រនេះមិនត្រឹមតែកាត់បន្ថយថ្លៃដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ពង្រឹងសេដ្ឋកិច្ចសហគមន៍ និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕ ដោយ៖ ប៉ៃ សុឃីម











