ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មូលនិធិកំពង់ដេវ៉ាប្រគល់អណ្តូងទឹកស្អាតនិងបន្ទប់ទឹកអនាម័យចំនួន៨ជូនសហគមន៍ភូមិអុងក្នុងខេត្តព្រះសីហនុ

KPS99TV

សេចក្តីសង្ខេប

អណ្តូងទឹកស្អាតចំនួន៤ និងបន្ទប់ទឹកអនាម័យចំនួន៤ របស់មូលនិធិកំពង់ដេវ៉ាដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុន កំពង់ដេវ៉ា រីហ្សត បានប្រគល់ជូនប្រជាពលរដ្ឋនៅភូមិអុង ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងដោយលោក ថមមី ភី ហើម៉ាវ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន កំពង់ដេវ៉ា រីហ្សត និងតំណាងប្រជាសហគមន៍គឺលោក ឱ ភន មេភូមិអុង ថែមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ទៀត។

អណ្តូងទឹកស្អាតចំនួន៤ និងបន្ទប់ទឹកអនាម័យចំនួន៤ របស់មូលនិធិកំពង់ដេវ៉ាដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុន កំពង់ដេវ៉ា រីហ្សត បានប្រគល់ជូនប្រជាពលរដ្ឋនៅភូមិអុង ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងដោយលោក ថមមី ភី ហើម៉ាវ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន កំពង់ដេវ៉ា រីហ្សត និងតំណាងប្រជាសហគមន៍គឺលោក ឱ ភន មេភូមិអុង ថែមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ពិធីប្រគល់នេះមិនត្រឹមតែជាការបញ្ចប់ការសាងសង់គម្រោងដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយសម្រាប់ប្រជាពលរដ្ឋភូមិអុង ដែលនឹងទទួលបានការប្រើប្រាស់ប្រភពទឹកស្អាត និងបន្ទប់ទឹកអនាម័យប្រកបដោយសុវត្ថិភាព ដែលនឹងជួយលើកកម្ពស់សុខភាព អនាម័យ និងគុណភាពដ៏ប្រសើរក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេសម្រាប់រយៈពេលយូរឆ្នាំតទៅមុខ។

បើតាមលោក ឱ ភន មេភូមិអុង បានលើកឡើងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការទទួលបានទឹកស្អាតប្រកបដោយនិរន្តរភាព និងការប្រើប្រាស់បន្ទប់ទឹកអនាម័យប្រកបដោយសុវត្ថិភាព។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិកំពង់ដេវ៉ា និងកំពង់ដេវ៉ារីហ្សត ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់សហគមន៍ផងដែរ។

ចំណែក តំណាងក្រុមហ៊ុន លោក ថមមី ភី ហើម៉ាវ៉ាន់ នាយកប្រតិបត្តិ បានបញ្ជាក់ច្បាស់ថា កំពង់ដេវ៉ា រីហ្សត និងមូលនិធិកំពង់ដេវ៉ា នៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃប្រកបដោយចីរភាព តាមរយៈការវិនិយោគលើគម្រោងដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ជិតខាងនឹងគ្នា។

លោកនាយកប្រតិបត្តិ បានមានប្រសាសន៍ថា «វាពិតជាកិត្តិយសណាស់ក្នុងការប្រគល់អណ្តូងទឹកស្អាតទាំង៤ និងបន្ទប់ទឹកអនាម័យចំនួន៤ ជាផ្លូវការនៅថ្ងៃនេះជូនប្រជាពលរដ្ឋនៅហគមន៍ភូមិអុង។ តាមរយៈគម្រោងនេះបានឆ្លុះបញ្ចាំងពីគោលបំណងសំខាន់របស់មូលនិធិកំពង់ដេវ៉ាក្នុងការចូលរួមគាំទ្រអភិវឌ្ឍន៍ដល់សហគមន៍ និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត ដូចពាក្យស្លោករបស់យើងថា "ប្រជាជនរីករាយ សហគមន៍រីករាយ"។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះយើងផ្តល់ទឹកស្អាត អនាម័យកាន់តែប្រសើរឡើង និងជាប្រយោជន៍យូរអង្វែងសម្រាប់ទាំងអស់គ្នា»។

បើតាមលោក ថមមី ភី ហើម៉ាវ៉ាន់ «នៅពេលយើងប្រគល់គ្រឿងបរិក្ខារមានអណ្តូងទឹកស្អាត បន្ទប់ទឹកអនាម័យទាំងនេះនៅថ្ងៃនេះ យើងរំពឹងសម្ភារៈឧបត្ថម្ភទាំងនេះនឹងត្រូវបានប្រើដោយយកចិត្តទុកដាក់ និងបន្តជាប្រយោជន៍សម្រាប់សហគមន៍យូរឆ្នាំទៅមុខទៀត»។ នេះមានន័យថា បន្ទាប់ពីមូលនិធិកំពង់ដេវ៉ា បានប្រគល់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យទៅកាន់លោកមេភូមិ និងតំណាងសហគមន៍ ត្រូវធានាថា សហគមន៍ជាម្ចាស់ និងទទួលខុសត្រូវក្នុងការថែទាំ ប្រើប្រាស់ និងអភិរក្សសមិទ្ធផលទាំងនេះឱ្យបានល្អ សម្រាប់ផលប្រយោជន៍របស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

លោកនាយកប្រតិបត្តិ បានបន្ថែមថា គម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះ បានបង្ហាញពីជំនឿរបស់មូលនិធិកំពង់ដេវ៉ាថា ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ចាប់ផ្តើមពីការបំពេញតម្រូវការចាំបាច់របស់ប្រជាជនទូទៅ។ ការផ្តល់ជូនប្រភពទឹកស្អាត និងអនាម័យល្អ នឹងជួយលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយហានិភ័យនៃជំងឺ ពង្រឹងការអនុវត្តអនាម័យ និងបង្កើតបរិយាកាសរស់នៅដែលមានសុវត្ថិភាព និងគុណភាពកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ។

សូមជម្រាបថា មូលនិធិកំពង់ដេវ៉ា គឺផ្នែកការងារទំនួលខុសត្រូវសង្គមរបស់មជ្ឈមណ្ឌលកំសាន្តសំបូរបែបកំពង់ដេវ៉ា។ មូលនិធិនេះអនុវត្តតាមក្របខណ្ឌ Panca Krida (សសរស្តម្ភទាំងប្រាំ) ដែលជាសសរស្តម្ភយុទ្ធសាស្ត្រចម្បងចំនួនប្រាំសម្រាប់ការអនុវត្តសកម្មភាព។ គោលបំណងរបស់វា គឺភ្ជាប់ភាពជោគជ័យក្នុងអាជីវកម្មជាមួយការងារទំនួលខុសត្រូវសង្គម ដើម្បីធានាថា រាល់ការសម្រេចចិត្តទាំងអស់ គាំទ្រដល់គោលដៅរួមតែមួយ គឺការបង្កើតសុភមង្គលសម្រាប់ភ្ញៀវ បុគ្គលិក ម្ចាស់អាជីវកម្ម និងសហគមន៍មូលដ្ឋាន៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…