Skip to main content
Preah Sihanouk Provincial Television
Log in

យោធាថៃចូលគាស់ផ្ទះពលរដ្ឋនៅភូមិសង្គមថ្មី ខេត្តពោធិ៍សាត់យកវត្ថុមានតម្លៃរួមនឹងម៉ូតូ៤គ្រឿង រ៉ឺម៉កដឹកសំរាមផង

KPS99TVHistorical original · translation unavailable

នៅខេត្តពោធិ៍សាត់ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរ៉ឺម៉កដឹកសំរាមរបស់ភូមិ២គ្រឿង។ នេះបើតាមក្រសួងមហាផ្ទៃកម្ពុជាចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦។

ក្រោយលទ្ធផលកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានបទឈប់បាញ់  និងអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានពលរដ្ឋខ្មែរជាង២៨ម៉ឺននាក់មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន។

ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹក កន្លងទៅអាជ្ញាធរ ក៏បានបែងចែកតំបន់រងផលប៉ះពាលជា៣ផងដែរ។ ១. តំបន់ក្រហម៖ មិនទាន់អនុញ្ញាតឱ្យវិលត្រឡប់វិញឡើយ ២. តំបន់លឿង៖ អនុញ្ញាតឱ្យពលរដ្ឋអាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់ និង៣. តំបន់សុវត្ថិភាព៖ ពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានបានធម្មតា។

ចំណែក សេចក្តីថ្លែងការណ៍របស់ក្រសួងការបទេសកម្ពុជា បានបញ្ជាក់ថា សង្គ្រាមរយៈពេល២១ថ្ងៃ កងកម្លាំងយោធាថៃបានវាយចូលឈ្លានពានកាន់កាប់ទឹកដីខ្មែរចំនួន១៤ទីតាំងនៅក្នុងខេត្តចំនួន៤ ហើយកម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាបំផុតថា ជារំលោភបំពានដោយខុសច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…