ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំជួលដីរដ្ឋទំហំ ១០ហិកតា រយៈពេល ៥០ឆ្នាំ របស់ក្រុមហ៊ុន ដ្រាខូខេម ឌិវេឡុបម៉ិន ឯ.ក (Dracocam Development Co., Ltd.) ក្នុងទំហំទុនវិនិយោគជាង ១០លានដុល្លារអាម៉េរិក លើគម្រោងកែច្នៃកាកសំណល់រឹង (សំរាម) នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនវិនិយោគនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ជម្រាបជូនអង្គប្រជុំថា កន្លងមកគម្រោងស្នើសុំជួលដីរដ្ឋសម្រាប់កែច្នៃសំរាមរយៈពេលវែងនេះ ត្រូវបានរៀបចំកិច្ចប្រជុំពិភាក្សាចំនួន ៤លើករួចមកហើយ។ ក្រុមហ៊ុនបានរៀបចំផែនការស្របតាមស្តង់ដារបច្ចេកទេស ធានាបាននូវអនាម័យ និងបរិស្ថានយ៉ាងត្រឹមត្រូវ ហើយនៅថ្ងៃនេះ ក្រុមការងារបានដាក់ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យ កែតម្រូវ និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន។
ចំណែកតំណាងក្រុមហ៊ុន ដ្រាខូខេម ឌិវេឡុបម៉ិន ឯ.ក បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហរច្បាស់លាស់ ដោយក្រុមហ៊ុនមានដើមទុនគ្រប់គ្រាន់ ព្រមទាំងមានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ជាក់ស្តែងក្នុងការគ្រប់គ្រង និងកែច្នៃកាកសំណល់ ដែលធ្លាប់បានអនុវត្តជោគជ័យនៅតាមបណ្តាប្រទេសមួយចំនួនរួចមកហើយ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការកែច្នៃសំរាមឱ្យក្លាយជាប្រយោជន៍ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងក្រុមហ៊ុនឱ្យបានលម្អិត និងច្បាស់លាស់បន្ថែមទៀតលើចំណុចដែលក្រុមហ៊ុនបានស្នើមកអាជ្ញាធរ ដើម្បីធានាឱ្យដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ស្របច្បាប់ រវាងក្រុមហ៊ុន ជាមួយក្រុមការងារបច្ចេកទេសគ្រប់គ្រងទីលានចាក់សំរាម៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

















