ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៤ ខែសីហា៖ កាលពីយប់មិញ បន្ទាប់ពីមានដំណឹងថាកងទ័ពថៃអាចវាយប្រហារកម្ពុជា ពលរដ្ឋមួយចំនួននៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានបង្ខំចិត្តចាកចេញពីផ្ទះជាបន្ទាន់ ទៅរកកន្លែងដែលមានសុវត្ថិភាពជាង។
ពលរដ្ឋជាច្រើនបាននិយាយថា ស្ថានការណ៍ប្រែប្រួលម្តងហើយម្តងទៀត ធ្វើឱ្យពួកគាត់មិនដឹងថាត្រូវធ្វើដូចម្តេច។
តាមប្រភពគួរឱ្យទុកចិត្ត កងទ័ពថៃបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបញ្ជាឱ្យជនស៊ីវិលដែលនៅសល់តាមតំបន់ព្រំដែននៃខេត្តសុរិន្ទជម្លៀសខ្លួន ដែលជាសញ្ញាថានឹងមានការវាយប្រហារក្នុងពេលឆាប់ៗនេះ។ ការវាយប្រហារដែលគ្រោងទុកនឹងលាតសន្ធឹងពីប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី កាត់តាមតំបន់ព្រះវិហារ រហូតដល់តំបន់អានសេះ។ ប្រសិនបើសកម្មភាពនេះកើតឡើង វានឹងរំលោភយ៉ាងចំហលើកិច្ចព្រមព្រៀងឈប់បាញ់ដែលកម្ពុជា និងថៃបានព្រមព្រៀងគ្នា។
គិតត្រឹមពេលផ្សាយព័ត៌មាននៅព្រឹកនេះ ស្ថានភាពទូទៅនៅខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារនៅតែស្ងប់ស្ងាត់ ដោយពុំឃើញមានសកម្មភាពយោធាឡើយ។
ស្ថានីយយើងខ្ញុំនឹងបន្តតាមដានស្ថានការណ៍។
សេចក្តីរាយការណ៍រួមដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ







