ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៤ ខែសីហា៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំក្រុមការងារ និងតំណាងនិស្សិតយកអំណោយមកប្រគល់ជូនលោក ព្រៀប ចំរើន ជាយោធិនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អំណោយនេះជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃសមាគមនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមនេះ។
ឆ្លៀតឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ លោកជំទាវបានបញ្ជាក់ថាមិនដែលបំភ្លេចប្រជាពលរដ្ឋណាម្នាក់ឡើយ និងតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះយោធិននៅជួរមុខ និងអតីតយុទ្ធជន។ ឯកឧត្តមអភិបាលបានផ្ដាំក្រុមគ្រូពេទ្យឱ្យខិតខំថែទាំ និងព្យាបាលអ្នកជំងឺដោយមិនគិតកម្រៃ។
ឯកឧត្តមអភិបាលក៏បានជជែកជាមួយសាច់ញាតិរបស់យោធិន និងបង្ហាញបំណងជួយសម្របសម្រួលរកការងារសមរម្យឱ្យពួកគេនៅខេត្តព្រះសីហនុ។
អ្នកយកព័ត៌មាន៖ Chenda Teyte
អ្នកកែសម្រួល៖ Zhao Yi













