ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបើកដំណើរការគម្រោង FishTech Plus ជំរុញកិច្ចសហប្រតិបត្តិការ អភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព!

សេចក្តីសង្ខេប

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មានការរៀបចំកិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសាស្ត្រាចារ្យចំនួន៥រូប មកពីសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងតំណាងពីស្ថាប័នអប់រំ ស្រាវជ្រាវ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន៤៣រូប។ តាមក្រសួងកសិកម្ម កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងដៃគូអន្តរជាតិ ដើម្បីជំរុញការស្រាវជ្រាវ ការកសាងសមត្ថភាព និងការអនុវត្តដំណោះស្រាយបច្ចេកទេសសម្រាប់សម្រួលដល់ការបម្លាស់ទីរបស់ត្រីតាមដងទន្លេ និងតាមរយៈហេដ្ឋារចនាសម្ព័ន្ធទឹកនានា។

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មានការរៀបចំកិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសាស្ត្រាចារ្យចំនួន៥រូប មកពីសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងតំណាងពីស្ថាប័នអប់រំ ស្រាវជ្រាវ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន៤៣រូប។

 

តាមក្រសួងកសិកម្ម កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងដៃគូអន្តរជាតិ ដើម្បីជំរុញការស្រាវជ្រាវ ការកសាងសមត្ថភាព និងការអនុវត្តដំណោះស្រាយបច្ចេកទេសសម្រាប់សម្រួលដល់ការបម្លាស់ទីរបស់ត្រីតាមដងទន្លេ និងតាមរយៈហេដ្ឋារចនាសម្ព័ន្ធទឹកនានា។ គម្រោងនេះបន្តពីសមិទ្ធផលនៃគម្រោង FishTech ដំណាក់កាលទី១ ឆ្នាំ២០២២–២០២៥ ដែលបានសាងសង់ជណ្ដើរត្រីសាកល្បងចំនួន៦ទីតាំងនៅកម្ពុជា។

 

ទន្ទឹមនឹងនេះ ការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិបានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហការអន្តរក្រសួង ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា ព្រមទាំងការលើកកម្ពស់សមត្ថភាពបច្ចេកទេស ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាក្នុងការគ្រប់គ្រងធនធានជលផល។ កិច្ចសហការនេះក៏មានតួនាទីសំខាន់ក្នុងការការពារជីវចម្រុះក្នុងប្រព័ន្ធទឹក រក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងគាំទ្រដល់សន្តិសុខស្បៀង ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

 

សូមជម្រាបថា គម្រោង FishTech Plus សម្រាប់ដំណាក់កាលឆ្នាំ២០២៦–២០២៩ នឹងផ្តោតលើការកសាងសមត្ថភាព ការស្រាវជ្រាវអនុវត្ត ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាជណ្ដើរត្រី ដើម្បីឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកគិតគូរដល់តម្រូវការបម្លាស់ទីរបស់ត្រី។ នេះជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ការគ្រប់គ្រង និងអភិរក្សធនធានជលផលនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕
ដោយ៖ ស្រីពី

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…