អាជ្ញាធរគយម៉ាឡេស៊ី បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានរឹបអូសបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដែលមានតម្លៃប្រមាណ ៤៩.៥ លានរីងហ្គីត ឬស្មើនឹងប្រមាណ ១២ លានដុល្លារអាមេរិក ខណៈដែលអាជ្ញាធរបាន និងកំពុងពង្រឹងការបង្ក្រាបលើក្រុមឧក្រិដ្ឋជនរត់ពន្ធ ដែលត្រូវសង្ស័យថាបានលួចនាំចូលបន្ទះឈីប (Semiconductors) ប្រភេទទិន្នន័យខ្ពស់ ឆ្លងកាត់ព្រលានយន្តហោះរបស់ខ្លួន។
លោកស្រី Aspalila Ag Tuah ប្រធាននាយកដ្ឋានគយប្រចាំព្រលានយន្តហោះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា អាជ្ញាធរបានរកឃើញម៉ាស៊ីន Server ចំនួន ៣០ គ្រឿង ដែលមានផ្ទុកបន្ទះឈីប AI អំឡុងពេលចុះត្រួតពិនិត្យនៅ តំបន់ពាណិជ្ជកម្មសេរីនៃព្រលានយន្តហោះអន្តរជាតិក្រុងគួឡាឡាំពួរ។
ប្រទេសម៉ាឡេស៊ី បានដាក់ចេញនូវវិធានការត្រួតពិនិត្យការនាំចេញ លើចរាចរណ៍បន្ទះឈីប AI ដែលមានប្រភពដើមមកពីសហរដ្ឋអាមេរិក បន្ទាប់ពីមានសម្ពាធពីសំណាក់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការហូរចូលនៃបន្ទះឈីបទាំងនោះទៅកាន់ប្រទេសចិន៕អត្ថបទ៖ រិទ្ធី







