ព្យុះសង្ឃរា Arnab បានបោកបក់មកដល់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា ដោយបាននាំមកនូវភ្លៀង និងខ្យល់បក់បោកយ៉ាង មកលើរដ្ឋ Andhra Pradesh ខណៈដែលអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង ១៨០ ០០០ នាក់ចេញពីតំបន់គ្រោះថ្នាក់។
យោងតាមនាយកដ្ឋានឧត្តុនិយមឥណ្ឌា បានព្យាករណ៍ថា ព្យុះសង្ឃរានេះ បោកបក់ក្នុងល្បឿនពី ១១៥ ដល់ ១២៥ គីឡូម៉ែត្រ នឹងអាចឡើងដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងបានព្រមានពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីផងដែរ។
ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ អាជ្ញាធរឥណ្ឌា បានបង្កើតជម្រកសុវត្ថិភាពទប់ទល់នឹងព្យុះសង្ឈរានេះ ជាង ២០០០ កន្លែង នៅតាមស្រុក/ខណ្ឌចំនួន ២០ រៀបចំរក្សាសុវត្ថិភាពទូកនេសាទជាង ៣០.០០០ គ្រឿង ដាក់ពង្រាយក្រុមគ្រូពេទ្យជិត ១១០០ ក្រុម គ្រែសង្គ្រោះបន្ទាន់ជាង ៨០០ គ្រែ និងរថយន្តសង្គ្រោះបន្ទាន់ជាង ១២០០ គ្រឿង។
គួរបញ្ជាក់ផងដែរថា រដ្ឋ Odisha របស់ប្រទេស ធ្លាប់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយមហាព្យុះកំបុតត្បូងកាលពីខែតុលា ឆ្នាំ ១៩៩៩ ដែលបានឆក់យកជីវិតមនុស្សជិត ១០.០០០ នាក់ ដែលជាគ្រោះមហន្តរាយធម្មជាតិផ្តាច់ជីវិតមនុស្សច្រើនបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ៕ អត្ថបទ៖ រិទ្ធី






